លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមការងារ និងមន្ត្រីជំនាញ ឆ្លាក់អក្សរលើថ្មម៉ាប ដាក់តាមសួនច្បារ តំបន់ឆ្នេរ “ហាមបោះចោលសំរាម” ប្រសិនបើមានករណីរំលោភ បំពាន និងត្រូវផាកពិន័យតាមអនុក្រឹត្យលេខ ១១៣ មាត្រា៤៣ ស្តីពីការផាក ពិន័យអន្តរកាលចាប់ពី ២០.០០០ រៀល ទៅ ៤០០.០០០រៀល។
អភិបាលខេត្ត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តតាមតំបន់ឆ្នេរ និងតាមរមនីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ សូមចូលរួមសហការថែរក្សា អនាម័យ បរិស្ថានទាំងអស់គ្នា។
គូររំលឹកផងថា ដោយឃើញបងប្អូន ប្រជាពលរដ្ឋភ្ញៀវទេសចរមកកម្សាន្តតំបន់ទេសចរក្នុងខេត្តព្រះសីហនុមួយចំនួន មានការបោះចោលសំរាមរាយប៉ាយ គ្មានសណ្តាប់ធ្នាប់ បានធ្វើឲ្យបាត់បងសោភ័ណភាពឆ្នេរសមុទ្រ ដូច្នេះហើយរដ្ឋបាលខេត្ត ចាប់ផ្តើមអនុវត្តវិធានការ និងផាកពិន័យ តាមអនុក្រឹត្យលេខ ១១៣ មាត្រា៤៣ ស្តីពីការផាកពិន័យអន្តរកាលចាប់ពី ២០.០០០រៀល ទៅ៤០០.០០០រៀល៕
រូបភាព៖ អង្គភាពអ្នកនាំពាក្យរហ័សខេត្តព្រះសីហនុ