ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ លោក លី រិទ្ធ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី (X-Water Technology Co., Ltd) ជា «ឧកញ៉ា» នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ក្រោយទទួលបានគោរមងារនេះ លោកបណ្ឌិត លី រិទ្ធ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ដូច្នេះថា៖ “នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គប្រោសព្រះរាជទានដ៏ឧត្តុង្គឧត្តមត្រាស់បង្គាប់ផ្តល់គោរពងារ ទួលបង្គំជាខ្ញុំបាទ បណ្ឌិត លី រិទ្ធ ជា ឧកញ៉ា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៦២៤/៦៧១ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។
“ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតបួងសួងដល់ព្រះគុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ សូមព្រះមេត្តាប្រសិទ្ធពរជ័យ បវរសួស្ដី មហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនាជាមហាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅទូទាំងប្រទេសកម្ពុជាយូរអង្វែងតរៀងទៅ”។
ជាមួយគ្នានេះ លោកឧកញ៉ា លី រិទ្ធ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្ត និងបានធ្វើសេចក្តីបង្គំទូលថ្វាយចំពោះព្រះមហាក្សត្រ ដើម្បីត្រាស់បង្គាប់ផ្តល់គោរពងាររូបលោក ជា ឧកញ៉ា។
សូមជម្រាបថា លោកបណ្ឌិត លី រិទ្ធ គឺជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី (X-Water Technology Co., Ltd) ដែលជាក្រុមហ៊ុននាំចូលនិងលក់ចែកចាយនូវសម្ភារៈកែច្នៃប្រព័ន្ធទឹកកខ្វក់ ឧបករណ៍ប្រព័ន្ធអគ្គីសនី (សូឡា) និងឧបករណ៍ប្រព័ន្ធទឹកជាច្រើនប្រភេទទៀត៕