គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤ នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ តម្លៃ ១១១លានដុល្លារ និងផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦០B សាងសង់សម្រេចបាន ៤៤,៣១% ហើយ។
នេះបើយោងតាមវឌ្ឍនភាពការងារដែលបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។
ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា មកដល់ពេលនេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ (ផ្លូវជាតិលេខ៦០B) ដោយគិតចាប់ផ្ដើមពី PK76+120 ព្រំប្រទល់ខេត្តកំពង់ធំ ដល់ PK117+790 រង្វង់មូលខ្លាស្ទុះ (ផជ៧.គ.ម៣៣១+២៥០) មាន ប្រវែង៖ ៤១,៦៧គ.ម កម្រាលកៅស៊ូAC ដោយចាប់ផ្ដើមស្ដារឡើងវិញ កាលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ការសាងសង់ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានសម្រេចការងារសាងសង់បាន ៤៤,៣១% ហើយ។
ក្រសួងបានចាត់ទុកថា គម្រោងសាងសង់នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ។
សូមបញ្ជាក់ដែរថា ស្ពាននេះ មានប្រវែង ១,៧៦១ គីឡូម៉ែត្រ និងទទឹង១៣.៥5 ម៉ែត្រ រួមជាមួយផ្លូវតភ្ជាប់មានប្រវែង៣១,៦៩ គីឡូម៉ែត្រ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Shanghai Construction Goup ។
គួររំលឹកទៀតថា គម្រោងនេះមានតម្លៃ ១១១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានដោយសាធារណៈរដ្ឋប្រជាមានិតចិន ដោយត្រូវចំណាយពេលសាងសង់ប្រហែល ៤២ខែ ដើម្បីបញ្ចប់៕អត្ថបទ៖ រង្សី