លោក ប៉ែន បូណា៖ ១ឆ្នាំមកនេះ រាជរដ្ឋាភិបាលនីតីកាលទី៧ សម្រេចបានសមិទ្ធផលលេចធ្លោ៦ចំណុច

សង្គម​ និង​សេដ្ឋកិច្ច

ថ្លែងក្នុងវេទិកាសារព័ត៌មានលើកទី១៤ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ លោក ប៉ែន បូណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា រយៈពេល ១ឆ្នាំមកនេះ រាជរដ្ឋាភិបាលនីតីកាលទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបានសមិទ្ធផលលេចធ្លោ៦ចំណុច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបានបន្តថា នៅប៉ុន្មានថ្ងៃខាងមុខនេះ ពោលគឺថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មានរយៈពេល ១ឆ្នាំគត់ ដែលរយៈពេល ១ឆ្នាំ នៃអាណត្តិ ៥ឆ្នាំដំបូងរបស់រាជរដ្ឋាភិបាលបានកន្លងផុតជារយៈពេលមួយខ្លីក៏ពិតមែន ប៉ុន្តែសម្រេចបានសមិទ្ធផលដ៏ធំធេងក្រោមគោលនយោបាយដែលបានដាក់ចេញ។

លោកបន្តទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មានរយៈពេល ១ឆ្នាំគត់មកនេះ បានសម្រេចនូវសមិទ្ធផលលេចធ្លោ៦រួមមាន៖

១, សុខសន្តិភាព ស្ថេរភាពនយោបាយ ចំណុចនេះនៅតែជាកត្តាកំណត់ចម្បងធំជាងគេបំផុតសម្រាប់ការដឹកនាំរាជរដ្ឋាភិបាល សមិទ្ធផលនេះធំធេងណាស់ មានតម្លៃណាស់ដែលយើងត្រូវការពារឱ្យបាន ស្របពេលប្រមុខដឹកនាំក៏បានប្តេជ្ញាអះអាងការពារសុខសន្តិភាពនយោបាយឱ្យបានទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

២.ការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ដោយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតាំងពីជំនាន់សម្តេចតេជោរហូតដល់ការបន្តវេនដោយសម្តេចធិបតីហ៊ុន ម៉ាណែត បានលះបង់ខ្ពស់ណាស់ បានកសាងស្នាដៃធំធេងណាស់នៅក្នុងបុព្ចហេតុការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។

៣. ការបើកការរដ្ឋានព្រែកជីកហ្វូណនតេជោកាលពីថ្ងៃទី៥ ខែសីហាកន្លងទៅជាព្រឹត្តិការណ៍មួយធំក្រោមអធិបតីសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនោះប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទាំងក្នុងនិងក្រៅប្រទេសអបអរសាទរសមិទ្ធផលដ៏អស្ចារ្យយ៉ាងកងរំពង។ព្រែកជីកហ្វូណនតេជោនឹងក្លាយជាសមិទ្ធផលដ៏អស្ចារ្យ មិនត្រឹមតែកម្ពុជាទេដែលត្រូវកត់ត្រាទុកក្នុងប្រវត្តិសាស្រ្តសម្រាប់កូនចៅជំនាន់ក្រោយ ប៉ុន្តែពិភពលោកទាំងមូលក៏ត្រូវកត់ត្រាទុកសមិទ្ធផលនេះផងដែរ។

៤, កម្មវិធីគោលនយោបាយអាទិភាព៦ចំណុច រួមមានការផ្តល់សេវាសុខាភិបាល ឈានទៅរកការគ្របដណ្តប់ជាសាកល, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេសទេសដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ២៨ម៉ឺនរៀលក្នុងមួយខែ, ពង្រឹងកម្មវិធីជាតិជំនួយសង្គម, យុទ្ធសាស្ត្រជាតិអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, លើកស្ទួយផលិតកម្មកសិកម្ម, រកទីផ្សារ និងរក្សាលំនឹងតម្លៃកសិផល ប្រកាសឱ្យអនុវត្តនៅថ្ងៃទី២០ វិច្ឆិកា ២០២៣។

៥, វិធានការគន្លឹះទាំង៥ រួមមាន វិធានការគន្លឹះកំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិស័យអប់រំ, កំណែទម្រង់វិស័យសុខាភិបាល, លើកកម្ពស់គោលនយោបាយភូមិឃុំមានសុវត្ថិភាព, និងកំណែទម្រង់យុត្តិធម៌។

និង៦, ការចុះជួបផ្ទាល់រវាងនាយករដ្ឋមន្រ្តីកម្ពុជាជាមួយប្រជាពលរដ្ឋ កម្មករ កម្មការិនី ក្នុងពិធីសម្ពោធសមិទ្ធផលនានា ពិធីសំណេះសំណាល សួរសុខទុក្ខ មានទាំងការចុះជួបដោយមានការរៀបចំជាផ្លូវការ និងការចុះជួបដោយស្ងាត់ៗ ដោយមិនបានប្រាប់ជាមុន។ បើសរុបរយៈពេលពេញមួយឆ្នាំនេះ សម្តេចធិបតីបានចុះជួបប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅគ្រប់ទិសទីសរុបជាង១៥០ លើកពោលគឺស្ទើរតែ ៥០% នៃពេលវេលាមួយឆ្នាំ។ នេះមិនទាន់រាប់បញ្ចូលការជួប និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គមផងទេ។ ដូច្នេះ តាមរយៈទិនន័យនេះ អាចសន្និដ្ឋានបានថា នាយករដ្ឋមន្ត្រីកម្ពុជា គឺជាមេដឹកនាំដែលចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋច្រើនបំផុត ដែលកម្រមានមេដឹកនាំណាក្នុងពិភពលោកអាចធ្វើបាន៕