១ឆ្នាំមកនេះ សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរឆ្លងកាត់៥ទ្វីបនៃពិភពលោក និងប្រទេសចំនួន១៦

សង្គម​ និង​សេដ្ឋកិច្ច

ថ្លែងក្នុងវេទិកាសារព័ត៌មានលើកទី១៤ ស្ដីពី «គោលនយោបាយជាតិ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ រយៈពេល១ឆ្នាំ»  នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោក តាន់ ហ្សង់ ហ្វ្រង់ស្វ័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តជាតិ បានឱ្យដឹងថា រយៈពេល១ឆ្នាំមកនេះ សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានធ្វើដំណើរឆ្លងកាត់៥ទ្វីបនៃពិភពលោក និងប្រទេសចំនួន១៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក តាន់ ហ្សង់ ហ្វ្រង់ស្វ័រ បន្តថាសម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរឆ្លងកាត់ទ្វីបទាំង៥នៃពិភពលោករួមមាន អាស៊ី អាមេរិក អាហ្រិក អឺរ៉ុប និងអូសេអានី និងប្រទេសចំនួន១៦ ដែលនេះគឺជាសកម្មភាពការបរទេសនៅក្រៅស្រុកមួយដ៏មមាញឹក និងសកម្ម។ដោយលោកបានបញ្ជាក់ថា ក្នុងនោះមានការចូលរួមក្នុងជំនួបកំពូល តំបន់និងកិច្ចប្រជុំអន្តរជាតិមួយចំនួនរួមមាន ជំនួបកំពូលអាស៊ាន និងជំនួបកំពូលពាក់ព័ន្ធនៅស្សាកាតា ប្រទេសឥណ្ឌូនេស៊ី, មហាសន្និបាតអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក, វេទិកាខ្សែក្រវ៉ាត់ និងផ្លូវនៅប៉េកាំង ប្រទេសចិន, ជំនួបកំពូលអាស៊ានក្រុមប្រឹក្សាសហប្រតិបត្តិការ, កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ដើម្បីអបអរសាទរឆ្នាំទី៥០នៃមិត្តភាពនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅប្រទេសជប៉ុន, ជំនួបកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅប្រទេសអូស្រ្តាលី។ល។

លោកបានបញ្ជាក់បន្ថែមថា ម្យ៉ាងទៀតសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានធ្វើទស្សនកិច្ចជាផ្លូវការនៅបណ្តាប្រទេសមិត្តជិតខាង មិត្តក្នុងតំបន់ និងមិត្តក្នុងលោក រួមមានទស្សនកិច្ចនៅប្រទេសចិន ប្រទេសវៀតណាម ប្រទេសបារាំង ប្រទេសថៃ ម៉ាឡេស៊ី ឡាវ កូរ៉េខាងត្បូង សិង្ហបុរី។ល។

បើតាមលោក តាន់ ហ្សង់ ហ្វ្រង់ស្វ័រ ក្នុងរយៈពេល ១២ខែចុងក្រោយនេះ ការទូតកម្ពុជា មានមុខព្រួញពីរសំខាន់ទីមួយ គឺពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី និងទីពីរ គឺពង្រឹងជំហរកម្ពុជានៅលើឆាកអន្តរជាតិ បន្តជំរុញសហគមន៍អាស៊ានឲ្យគោរពកម្ពុជា ជារដ្ឋអធិបតេយ្យពេញលក្ខណៈ រីឯមុខព្រួញសំខាន់ គឺការទូតសេដ្ឋកិច្ច។

លោកបានបន្ថែមទៀតថា គ្រាន់តែ៣ខែដំបូង ត្រឹមខែកញ្ញា ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ជួបជាមួយថ្នាក់ដឹកនាំពិភពលោកជិត៥០នាក់ មានតាំងពីប្រធានាធិបតី នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងទាំងអគ្គលេខាធិការនៃអង្គការសហប្រជាជាតិទៀតផងដែរ៕