បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម X បាននិយាយកាលពីចុងសប្តាហ៍មុនថា ខ្លួននឹងបិទប្រតិបត្តិការទាំងស្រុងរបស់ពួកគេ នៅក្នុងប្រទេសប្រេស៊ីល ស្របតាមការបញ្ជារដោយចៅក្រមនៃតុលាការកំពូលរបស់ប្រេស៊ីល លោក Alexandre de Moraes។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
បណ្តាញសង្គម X ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីកំពូលអាមេរិក លោក Elon Musk បានអះអាងថា លោក Moraes បានធ្វើការគំរាមកំហែងជាសម្ងាត់ដល់អ្នកតំណាងក្រុមហ៊ុនរបស់ខ្លួន នៅក្នុងប្រទេសប្រេស៊ីល ជាមួយនឹងការចាប់ខ្លួន ប្រសិនបើក្រុមហ៊ុននេះ មិនព្រមគោរពតាមការបញ្ជាផ្លូវច្បាប់ ដើម្បីដកខ្លឹមសារមួយចំនួនចេញពីវេទិការបស់ខ្លួនទេនោះ។
បណ្តាញសង្គម X បានបង្ហាញឲ្យដឹងទៀតថា ចៅក្រមរូបនេះ ក៏នឹងធ្វើការផាកពិន័យចំនួនទឹកប្រាក់ជាង ៣ ៦០០ដុល្លារ ក្នុងមួយថ្ងៃ ប្រសិនបើ X បរាជ័យក្នុងការអនុលោមតាមបទបញ្ជា។
ជុំវិញបញ្ហានេះ បណ្តាញសង្គម X បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីពេលថ្មីៗនេះថា ៖”ដើម្បីការពារសុវត្ថិភាពបុគ្គលិករបស់យើង យើងបានសម្រេចចិត្តបិទប្រតិបត្តិការរបស់យើងទាំងស្រុង នៅក្នុងប្រទេសប្រេស៊ីល ដែលការបិទនេះគឺមានប្រសិទ្ធភាពភ្លាមៗ” ។
ជម្រាបជូនថា កាលពីដើមឆ្នាំនេះ លោក Moraes បានបញ្ជាឲ្យ X បិទគណនីមួយចំនួន ចំពេលលោកកំពុងបន្តស៊ើបអង្កេតនូវអ្វីដែលគេហៅថា “កងជីវពលឌីជីថល” ដែលត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងការបង្ហោះសារស្អប់ខ្ពើម ក្នុងអំឡុងការកាន់អំណាចរបស់អតីតប្រធានាធិបតីស្តាំនិយម លោក Jair Bolsonaro ៕