ឥណ្ឌូណេស៊ី បំផ្លាញចោលទំនិញនាំចូលខុសច្បាប់មានតម្លៃជិត ១,៣លានដុល្លារ

អន្តរជាតិ

អាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃចន្ទ ទី១៩ ខែសីហានេះ បានបំផ្លាញទំនិញនាំចូលខុសច្បាប់ដែលមានតម្លៃជាង ២០ពាន់លានរូពី ឬប្រមាណជិត ១,៣លានដុល្លារអាមេរិក ដោយក្នុងនោះចាប់ពីគ្រឿងចក្រឧស្សាហកម្ម ទូរស័ព្ទដៃ រហូតដល់​សម្ភារ​ប្រើប្រាស់ផ្សេងៗ ដូចជាឆ្នាំងជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី លោក Zulkifli Hasan បាន​និយាយ​ថា ទំនិញ​ដែល​នាំ​ចូល​ទាំងនេះមិន​បាន​បំពេញ​តាម​បទប្បញ្ញត្តិ​នាំ​ចូល​ត្រឹមត្រូវនោះឡើយ ខណ:ទំនិញ​ទាំងនោះ ​មាន​ម៉ាស៊ីនកាត់ ម៉ាស៊ីន​ខួង ទូរសព្ទ​ដៃ និង​ថេប្លេត ដែល​មិន​ត្រូវ​តាម​ស្តង់ដារ​ទំនិញ​របស់​ឥណ្ឌូណេស៊ី។

លោក Hasan បានប្រាប់អ្នកយកព័ត៌មាន នៅការិយាល័យរបស់ក្រសួង ក្នុងទីក្រុងហ្សាកាតាថា ៖”បើគិតតែខ្ទះអគ្គីសនី និងម៉ាស៊ីនសម្រាប់លាងសម្អាតរថយន្ត មានតម្លៃដល់ទៅ ១៥ពាន់លានរូពី (ជាង ៩០ម៉ឺនដុល្លារ) ទៅហើយ”។

លោកបានបន្ថែមឲ្យដឹងទៀតថា ៖” ទំនិញខុសច្បាប់ទាំងនេះ នឹងបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រាក់ចំណូលរបស់រដ្ឋ និងចំណូលពន្ធរបស់យើង។ ហើយកាន់តែអាក្រក់ជាងនេះទៅទៀត គឺផ្តល់ភាពរំខានដល់ឧស្សាហកម្មក្នុងស្រុក” ។

ជម្រាបជូនថា ឥណ្ឌូណេស៊ី បច្ចុប្បន្នកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងការ​ជន់ជោរ​នៃទំនិញនាំចូលខុសច្បាប់។ លោក Hasan បាននិយាយទៀតថា ការនាំចូលខុសច្បាប់ ឬអ្វីដែលគេតែងហៅថា “សេដ្ឋកិច្ចក្រោមដី” បានធ្វើឲ្យបាត់បង់ចំណូលរដ្ឋរហូតដល់ ៤០% ឯណោះ៕