ធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» ជាផ្លូការកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ដើម្បីជំរុញឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ។
លោកស្រី ជា សេរី បានថ្លែងថា៖«ការដាក់ឱ្យដំណើរការ កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» មានគោលបំណងលើកកម្ពស់ សេវាទូទាត់នៅកម្ពុជាឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួល ដល់ការទូទាត់ជាឌីជីថលលើថ្លៃទំនិញ និងសេវារបស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា»។
លោកស្រី បន្តថា ភ្ញៀវទេសចរអន្តរជាតិដែលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា អាចធ្វើការទាញយក កម្មវិធីទូទាត់បាគងទេសចរ (Bakong Tourist App) និងចុះឈ្មោះប្រើប្រាស់តាមវិធីងាយៗ ហើយបន្ទាប់មកអាចបញ្ចូលទឹកប្រាក់ ក្នុងគណនីបាគងជាការស្រេច ចំពោះជំហានបន្ទាប់ កម្មវិធីបាគងទេសចរ អាចភ្ជាប់ជាមួយប័ណ្ណទូទាត់អន្តរជាតិដែលពួកគាត់មាន ដើម្បីដាក់ប្រាក់ក្នុងគណនីបាន។ លោកស្រីបានបន្ដថា «ការណ៍នេះនឹងកាត់បន្ថយបញ្ហាលំបាក ដល់ភ្ញៀវទេសចរ ក្នុងការប្រើប្រាស់សាច់ប្រាក់ ដោយគ្រាន់តែធ្វើការស្កេនទូទាត់នៅតាមហាងទំនិញប្រមាណ ៣.៣លានទីតាំង ដែលមានសញ្ញា KHQR code»។
ធនាគារជាតិ ជឿជាក់ថា ការដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» នឹងរួមចំណែកជំរុញនវានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ លើការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ និងអាចផ្តល់នូវបទពិសោធ ក្នុងការទូទាត់ឌីជីថល ប្រកបដោយជំនឿទុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្ន ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ និងដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។
សូមជម្រាបដែរថា ថ្មីៗសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យ ធនាគារជាតិនៃកម្ពុជា ត្រូវធ្វើការបន្ទាន់ជាមួយបណ្តាធនាគារឯកជនទាំងអស់ ឱ្យទម្លាក់ចោលលក្ខខណ្ឌ ដែលតម្រូវឱ្យកាត់ទឹកចំពោះលុយដុល្លារដែលមានដាច់រហែក ឬប្រឡាក់តិចតួច។ សម្តេចសង្កត់ធ្ងន់ថា ការទម្លាក់ចោលលក្ខខណ្ឌនេះ គឺដើម្បីកុំឱ្យភ្ញៀវទេសចរ ដែលមកកម្សាន្តនៅកម្ពុជាប៉ះពាល់អារម្មណ៍ ហើយថាករណីនេះជាករណីតិចតួច តែអាចបង្កជាបញ្ហាធំ៕ អត្ថបទ៖ រង្សី