នាយករដ្ឋមន្ត្រីឥណ្ឌា គ្រោងបំពេញទស្សនកិច្ចនៅអ៊ុយក្រែននាចុងសប្ដាហ៍នេះ

អន្តរជាតិ

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន នាថ្ងៃសុក្រ ទី២៣ ខែសីហាខាងមុខ ដើម្បីរឹតចំណងមិត្តភាពជាមួយរដ្ឋាភិបាលទីក្រុងគៀវ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការបរទេសឥណ្ឌាបានអះអាងថា វានឹងក្លាយជាដំណើរទស្សនកិច្ចដ៏កម្រ និងជាប្រវត្តិសាស្ត្រ ដ្បិតតាំងពីប្រទេសទាំង២ បានបង្កើតទំនាក់ទំនងការទូតរយៈពេលជាង ៣០ឆ្នាំ ទើបតែពេលនេះទេ ដែលនាយករដ្ឋមន្ត្រីឥណ្ឌា បានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអ៊ុយក្រែន។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា លោក Tanmaya Lal ក៏បានបង្ហើបប្រាប់បណ្ដាញសារព័ត៌មានថា នេះគឺជាដំណើរទស្សនកិច្ចដ៏សំខាន់មួយ ដែលជួយឲ្យប្រទេសទាំង២ រក្សាទំនាក់ទំនងកាន់តែស្អិតល្មួតជាងមុន។

សូមជម្រាបបន្ថែមថា ក្នុងដំណើរទស្សនកិច្ចមួយនោះ មេដឹកនាំឥណ្ឌា និងអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងជជែកគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខាភិបាល វិស័យអប់រំ វិស័យការពារជាតិ និងវប្បធម៌ជាដើម៕