មហាសេដ្ឋីអាមេរិក Carl Icahn និងក្រុមហ៊ុនរបស់លោក ត្រូវបាននិយ័តករពិន័យជាទឹកប្រាក់ប្រហែល ២លានដុល្លារ ដោយសារតែមិនបានប្រកាសពីបំណុលផ្ទាល់ខ្លួន សរុបជាសាច់ប្រាក់ខ្ទង់ពាន់លានដុល្លារឯណោះ។
យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AP បានបង្ហាញថា គណៈកម្មការមូលបត្របានប្រាប់ថា ក្រុមហ៊ុន Icahn Enterprises និងមហាសេដ្ឋីរូបនេះ មិនបានបង្ហាញពីមូលបត្របំណុល ដូចដែលបានសន្យានៅក្នុងរបាយការណ៍ប្រចាំឆ្នាំឡើយ ដូច្នេះទើបពួកគេទទួលរងការផាកពិន័យ។
ដើម្បីបញ្ចប់រឿងនេះ មហាសេដ្ឋី Icahn ក៏បានយល់ព្រមបង់ប្រាក់ពិន័យ ១,៥លានដុល្លារ និងចំនួន ៥០០ ០០០ដុល្លារទៀតក្នុងទោសរដ្ឋប្បវេណី ដោយមិនបានទាមទាររកខុសរកត្រូវអ្វីឡើយ។
សូមជម្រាបដែរថា លោក Carl Icahn គឺជាស្ថាបនិកក្រុមហ៊ុន Icahn Enterprises ដែលមានមុខជំនួញជាច្រើនក្នុងដៃ ហើយបច្ចុប្បន្នរូបលោកមានទ្រព្យសម្បត្តិប្រហែល ៥,៥ពាន់លានដុល្លារ៕