អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១៩ ខែសីហាកន្លងទៅ បាននិយាយថា លោកអាចនឹងផ្តល់ជូននាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk នូវតំណែងសំខាន់មួយនៅក្នុងជួររដ្ឋាភិបាលរបស់ខ្លួន ឬតួនាទីប្រឹក្សានៅក្នុងសេតវិមាន ប្រសិនបើលោកអាចឈ្នះឆ្នោត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។
អំឡុងបទសម្ភាសមួយ នៅពេលត្រូវបានអ្នកសារព័ត៌មានសួរថា តើលោកអាចនឹងពិចារណានាំយកលោក Musk មកកាន់តំណែងក្នុងជួររដ្ឋាភិបាល ឬជាទីប្រឹក្សាដែលឬអត់ ខណ:ពេលដែលលោក ត្រាំ បានឆ្លើយតបវិញថា លោកច្បាស់ជាធ្វើបែបនេះមិនខាន។
ទន្ទឹមនឹងនេះ លោក ត្រាំ ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា ៖ “គាត់ជាមនុស្សឆ្លាតខ្លាំងណាស់។ ប្រសិនបើគាត់ចង់មកកាន់តំណែងនេះ ខ្ញុំច្បាស់ជានឹងយល់ព្រម។ គាត់គឺជាមនុស្សដ៏ពូកែបំផុតម្នាក់” ។
គួរឲ្យដឹងផងដែរថា លោក Musk តែងតែបានបង្ហាញពីគាំទ្ររបស់លោក ចំពោះគោលនយោបាយរបស់លោក ត្រាំ ជាពិសេសបន្ទាប់ពីអតីតប្រធានាធិបតីរូបនេះ បានរួចផុតជីវិតពីការប៉ុនប៉ងធ្វើឃាត នៅឯការប្រមូលផ្តុំមួយ នៅភាគខាងលិចរដ្ឋ Pennsylvania ។
ជម្រាបជូនថា លោក ត្រាំ នឹងត្រូវប្រឈមមុខនឹងអនុប្រធានាធិបតីអាមេរិក គឺលោកស្រី Kamala Harris ដែលជាបេក្ខភាពរបស់គណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នាខែវិច្ឆិកា ខាងមុខ៕