ការនាំចូលប្រេងឆៅរបស់ចិន ពីប្រទេសផ្គត់ផ្គង់កំពូលរុស្ស៊ី ធ្លាក់ចុះជាង ៧% នៅក្នុងខែកក្កដា

អន្តរជាតិ

យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញនៅថ្ងៃអង្គារ ទី២០ ខែសីហានេះថា ការនាំចូលប្រេងឆៅរបស់ចិន ពីអ្នកផ្គត់ផ្គង់កំពូលរុស្ស៊ី បានធ្លាក់ចុះ ៧,៤% គិតក្នុងខែកក្កដា បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការមកដល់នៃប្រេងរបស់រុស្ស៊ី ចូលមកកាន់ប្រទេសចិន រួមទាំងតាមរយៈបំពង់បង្ហូរប្រេង និងការដឹកជញ្ជូនតាមមធ្យោបាយផ្សេងទៀត សរុបមានចំនួន ៧,៤៦ លានតោន កាលពីខែមុន ឬស្មើទៅនឹង ១,៧៦ លានបារ៉ែលក្នុងមួយថ្ងៃ (bpd)។ នេះបើយោងតាមទិន្នន័យទទួលបានពីរដ្ឋបាលទូទៅនៃគយចិន។

ទន្ទឹមនឹងនេះ សម្រាប់ការនាំចូលពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលត្រូវបានចាត់ទុកថាជាអ្នកផ្គត់ផ្គត់ធំបំផុតទី២ របស់ចិន មានចំនួនសរុប ៦,៤១ លានតោន ឬស្មើនឹង ១,៥១ លានបារ៉ែលក្នុងមួយថៃ ពោលគឺបានកើនឡើង ១៣% ធៀបនឹងឆ្នាំមុន។

ដោយឡែកចំពោះការនាំចូលពីប្រទេសម៉ាឡេស៊ី ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយផ្សេងទៀត បានកើនឡើង ៦១% ក្នុងឆ្នាំនេះ ដល់ចំនួន ៦,២១ លានតោន ឬ ១,៤៦ លានបារ៉ែលក្នុងមួយថ្ងៃ ដោយរក្សាប្រទេសក្នុងតំបន់អាស៊ាននេះ ជាអ្នកផ្គត់ផ្គង់ធំជាងគេទីបីរបស់ចិន សម្រាប់ខែកក្កដា។

ជម្រាបជូនផងដែរថា ការនាំចូលប្រេងសរុបក្នុងខែកក្កដា មកកាន់ប្រទេសចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២ មក ដោយសារដំណើរការផលិតចុះខ្សោយ និងតម្រូវការប្រេងឥន្ធនៈទាប៕