ក្រសួងពាណិជ្ជកម្ម សហការជាមួយលេខាធិការដ្ឋាននៃពិព័រណ៍ចិន-អាស៊ាន នឹងដឹកនាំគណៈប្រតិភូពាណិជ្ជកម្មទៅរៀបចំ និង ចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២១ (The 21st China-ASEAN Expo) ដែលនឹងប្រព្រឹត្តទៅពី ថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ។
ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ពិព័រណ៍នេះ នឹងរៀបចំនៅក្នុងមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ ទីក្រុងណាននីង តំបន់ ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ជាមួយគ្នានេះ ក្រសួងក៏បានជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាកម្មទាំងអស់ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជាថា ពិព័រណ៍ចិន-អាស៊ាននេះ គឺជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់រវាងបណ្តាប្រទេសជា សមាជិកអាស៊ាន និងប្រទេសចិន។
បន្ថែមពីនេះ ក្រសួង ក៏បានអញ្ជើញធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាកម្មកម្ពុជា ដែលមានបំណងចង់ចូលរួមជាអ្នកទស្សនាពាណិជ្ជកម្ម (Trade Visitors) សូមរៀបចំដាក់ពាក្យចូលរួមចាប់ពី ថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
គួរបញ្ជាក់ដែរថា សម្រាប់ធុរកិច្ច សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាកម្មកម្ពុជា ដែលចង់ចូលជាអ្នកទស្សនាពាណិជ្ជកម្ម នៅក្នុងពិព័រណ៍នេះ នឹង
ទទួលបានការលើកទឹកចិត្ត ពីគណៈកម្មការពិព័រណ៍ចំនួន៣ សំខាន់ ក្នុងនោះមាន៖១. ការស្នាក់នៅសណ្ឋាគារដែលបានកំណត់ គូប៉ុងបរិភោគអាហារឥតគិតថ្លៃនៅកន្លែងតាំងពិព័រណ៍ និងរថយន្តដឹកជញ្ជូនទៅ-មកសណ្ឋាគារ និងមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍CAEXPO។២. ជំនួបពាណិជ្ជកម្ម-B2B ដើម្បីជួប និងពិភាក្សាជាមួយក្រុមហ៊ុនដៃគូសក្តានុពល (ផលិតផលគ្រឿង កែច្នៃ និងវេចខ្ចប់ម្ហូបអាហារ បច្ចេកវិទ្យាឌីជីថល និងផលិតផលកសិកម្ម ជាពិសេស ផលិតផល អេឡិចត្រូនិក-Energy Power Electronic Products)។ និង៣. ដំណើរទស្សនកិច្ចសួនឧស្សាហកម្ម និងសហគ្រាសនៅក្នុងតំបន់ស្វយ័តក្វាងស៊ីជាដើម៕