លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានលើកឡើងថា កម្ពុជាមានខ្សែក្រវ៉ាត់ការពារព្រំដែនយ៉ាងហោចណាស់ ៥ជាន់ ដែលជារបងការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជារឹងមាំ កក់ក្តៅ និងគួរឱ្យជឿជាក់។ តើខ្សែក្រវ៉ាត់ទាំង៥ជាន់នោះមានអ្វីខ្លះ?
ថ្លែងក្នុងវេទិកាសារព័ត៌មានលើកទី៤ របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោក ប៉ែន បូណា បានឱ្យដឹងថា សមិទ្ធផលលេចធ្លោរមួយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ រយៈពេលដឹកនាំមួយឆ្នាំមកនេះ គឺការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ លោកបន្តថា ការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី មានតម្លៃណាស់ មិនអាចកាត់ថ្លែបានសម្រាប់ជាតិនីមួយៗ។ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត បានលះបង់ខ្ពស់ណាស់ បានកសាងស្នាដៃធំធេងណាស់ នៅក្នុងបុព្វហេតុនៃការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។
ជាមួយគ្នានេះ លោក ប៉ែន បូណា សូមឱ្យសាធារណជនក្រឡេកមើលយុទ្ធសាស្ត្រការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកថាជាខ្សែក្រវ៉ាត់៥ជាន់ គឺរួមមាន៖
១. ជំហរម៉ឺងម៉ាត់ច្បាស់លាស់ដាច់ខាតរបស់ថ្នាក់ដឹកនាំ ដែលយើងធ្លាប់លឺសម្តេចតេជោ និងសម្តេចធិបតី ធ្លាប់លើកឡើងម្តងហើយម្តងទៀតថា «កម្ពុជាមិនយកអធិបតេយ្យភាពជាតិទៅដោះដូរនឹងជំនួយបរទេស ឬក៏ការអនុគ្រោះពន្ធណាមួយពីបរទេសជាដាច់ខាត» និង «កម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងមិនឱ្យបាច់បង់ទឹកដីសូម្បីមួយមីលីម៉ែត្រ»។
២. ការបោះបង្គោលព្រំដែនអន្តរជាតិជាមួយនឹងប្រទេសជិតខាង។ ពីមុនយើងមិនទាន់មានបង្គោលព្រំដែនអន្តរជាតិ ដូច្នេះដីរបស់កម្ពុជាយើង ចេះតែបាត់បង់បន្តិចម្តងៗ។ ដូច្នេះថ្នាក់ដឹកនាំរបស់យើង មានទស្សនវិស័យច្បាស់លាស់ ស៊ីជម្រៅ និងវែងឆ្ងាយ គិតថាយើងត្រូវតែមានបង្គោលព្រំដែនអន្តរជាតិជាមួយប្រទេសជិតខាង ដែលចាត់ទុកថាជាប្លង់រឹងការពារទឹកដី។
៣. បន្ទាប់ពីមានបង្គោលព្រំដែន រាជរដ្ឋាភិបាលបានកសាងផ្លូវក្រវ៉ាត់ព្រំដែន។ នេះជាយុទ្ធសាស្ត្រមួយស៊ីជម្រៅណាស់ ដែលសម្តេចតេជោបានគិតគូរ ហើយសម្តេចធិបតី បានបន្តជាប្រតិបត្តិករដ៏សំខាន់ ដែលលោកបានធ្វើរឿងនេះ តាំងពីលោកនៅជាមេបញ្ជារការរងកងទ័ពជើងគោក។ បេសកកម្មដ៏សំខាន់មួយរបស់សម្តេចធិបតី គឺការដើរតាមក្រវ៉ាត់ព្រំដែន ដើម្បីកសាងក្រវ៉ាត់ផ្លូវ។
៤. កសាងប៉ុស្តិ៍នគរបាលព្រំដែន ដើម្បីការពារទឹកដីតាមព្រំដែនផង និងការពារសុវត្ថិភាព សុខសន្តិភាព ជូនប្រជាពលរដ្ឋផង ដែលចាត់ទុកថា ជាខ្សែក្រវ៉ាត់ទី៤។
៥. ការអភិវឌ្ឍតំបន់ព្រំដែន៖ សម្តេចតេជោ តែងប្រកាសថាប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការអភិវឌ្ឍន៍។ នេះពិតជាសំខាន់ និងមានន័យជ្រៅណាស់ ទាំងនយោបាយកាទូតផង ទាំងការការពារបូរណភាពទឹកដីកម្ពុជាផង ពីព្រោះបើតំបន់ព្រំដែនមានជម្លោះ អសន្តិសុខ ប្រជាពលរដ្ឋមិនអាចទៅរស់នៅទីនោះបានទេ។ ដូច្នេះនៅពេលដែលព្រំដែនយើង សន្តិភាព មិត្តភាព សហប្រតិបត្តិការ ប្រជាពលរដ្ឋទៅរស់នៅកន្លែងនោះ យើងអភិវឌ្ឍព្រំដែន ហើយនេះជាយុទ្ធសាស្ត្រស៊ីជម្រៅរបស់ថ្នាក់ដឹកនាំយើង។
លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ថា សរុបមក ការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា ដែលមានខ្សែក្រវ៉ាត់៥ជាន់ គឺជានយោបាយយុទ្ធសាស្ត្រច្បាស់លាស់ ស៊ីជម្រៅ ចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល តាំងពីជំនាន់សម្តេចតេជោ បន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាទីកក់ក្តៅបំផុត ពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការការពារទឹកដី ១៨១,០៣៥គីឡូម៉ែត្រការ៉េ ឱ្យបានគង់វង្ស៕