អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បានប្រកាសចុះកិច្ចសហការគ្នាជាមួយ ក្រុមហ៊ុន យ៉ាម៉ាតុហ្រ្គីន ជាផ្លូវការ ដើម្បីជួយលើកកម្ពស់ទីផ្សារបន្លែធម្មជាតិរបស់ខ្មែរ និងរួមចំណែកលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។
អ្នកឧកញ៉ា អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេមួយនៅកម្ពុជា បានលើកឡើងលើទំព័រហ្វេសប៊ុក នៅរសៀលនេះយ៉ាងដូច្នេះថា៖ “ជំហ៊ានថ្មីលើវិស័យកសិកម្មបន្លែធម្មជាតិ ដើម្បីបំពេញតម្រូវការក្នុងស្រុក កាត់បន្ថយការនាំចូល និងអាចជួយដល់កសិករក្នុងការដាំបន្លែប្រកបដោយសុវត្តិភាព និងទិន្នផលខ្ពស់។ ជាមួយកិច្ចសហការរវាង ក្រុមហ៊ុន វីរៈ ប៊ុនថាំ និង ក្រុមហ៊ុនយ៉ាម៉ាតុហ្រ្គីន ជាផ្លូវការ ក្នុងថ្ងៃនេះ យើងសង្ឃឹមយ៉ាងមុតមាំថា យ៉ាម៉ាតុហ្រ្គីន នឹងនាំមកនូវបច្ចេកវិទ្យា ចំណេះដឹងក្នុងការដាំដុះ និងការគ្រប់គ្រងគុណភាព ជាមួយការដឹកជញ្ជូនដ៏សម្បូរបែបជូនទៅដល់អតិថិជន និងបញ្ជូនទៅដល់ទីតាំងរបស់អតិថិជន ជាមួយរថយន្តត្រជាក់ ដែលធានាបាននូវគុណភាពបន្លែក្នុងពេលឆាប់ៗនេះ”។
អ្នកឧកញ៉ា សួរ វីរៈ បានបន្ថែមថា អតិថិជនដែលស្រលាញ់សុខភាពអាចកម្ម៉ង់បន្លែធម្មជាតិផ្ទាល់ ពីក្រុមហ៊ុន វីរៈ ប៊ុនថាំ និងស្វែងរកគ្រប់ទីតាំងផ្សារទំនើប និងផ្សារបន្លែធម្មជាតិនានាទូទាំងប្រទេសកម្ពុជា។ វីរ:ប៊ុនថាំបន្លែធម្មជាតិ ដើម្បីសេដ្ឋកិច្ចជាតិ ដើម្បីកសិករកម្ពុជា និងដើម្បីវិស័យកសិកម្មកម្ពុជា។
គួររំឭកថា កាលខែមេសា ឆ្នាំ២០២៤ អ្នកឧកញ៉ា សួរ វីរៈ បានជួបជុំបងប្អូនប្រជាសហគម ម្ចាស់ផ្ទះសំណាញ់ដាំបន្លែ Green House ប្រមាណជាង ៤០០នាក់ នៅភូមិត្រពាំងចក ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីអបអរសង្ក្រាន្តចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបញ្ជាក់បន្ថែមថា អ្នកឧកញ៉ា ក៏កំពុងតែធ្វើការងាររួមគ្នា ជាមួយបងប្អូនប្រជាសហគមដាំបន្លែ នៅភូមិត្រពាំងចក ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីជួយរកប្រភពបញ្ហា និងដំណោះស្រាយ ជូនពួកគាត់ ហើយនឹងដាក់ចេញនូវផែនការសកម្មភាពមួយចំនួនក្នុងពេលឆាប់ៗនេះ ដើម្បីជាក្ដីសង្ឃឹមថ្មី ជូនបងប្អូនប្រជាសហគមដាំបន្លែនៅទីនោះផងដែរ៕