ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានសរុបជាង២៨លានដុល្លារ កើនជាងក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ប្រមាណ២៤,៣៩%។នេះបើតាមរបាយការណ៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីពេលថ្មីៗនេះ។
របាយការណ៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថាក្នុងត្រីមាសទី២ ឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានសរុបជាង២៨លានដុល្លារ កើនជាងក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ប្រមាណ២៤,៣៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទជាង៩លានដុល្លារ ស្មើនឹង ២៦,១៥%។
របាយការណ៍បន្តថា សម្រាប់រយៈពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ប្រមូលចំណូលសរុបជាង៥២លានដុល្លារ កើនប្រមាណ២៤,៨៦% បើធៀបនឹងរយៈពេល ៦ខែ ឆ្នាំ ២០២៣។ចំណូលនេះចំណេញសុទ្ធប្រមាណជាង១៧លានដុល្លារ ថយចុះ២៥,៩០% បើធៀបនឹងរយៈពេល ៦ខែ ឆ្នាំ ២០២៣។
ជាមួយគ្នានេះដែរទ្រព្យសកម្មសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កើនឡើង ៥,២៩% និងមូលធនសរុប កើនឡើងប្រមាណ៥,៦៩%។
លោក លុ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ នេះ កសស ទទួលបានប្រាក់ចំណូលកើនឡើងជាងត្រីមាសទី២ ឆ្នាំ២០២៣ ប្រមាណ២៤,៣៩%។លទ្ធផលនេះបណ្តាលមកពី បរិមាណកុងតឺន័រ និងបរិមាណទំនិញឆ្លងកាត់ កសស មានការកើនឡើង ធ្វើឱ្យចំណេញសុទ្ធក្រោយបង់ពន្ធ សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ ឃើញមានការកើនឡើងប្រមាណ ២៦,១៥%។
លើសពីនេះ កុងតឺន័រដែលបានឆ្លងកាត់ កសស មានប្រមាណ ២៥៩.៦១៧ TEUs ពោលគឺ កើនចំនួន ៥៤.៣១០ TEUs ស្មើនឹង ២៦,៤៥% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៣ ។
ជាមួយគ្នានោះ លោកក៏បានគូសបញ្ជាក់ថា កសស នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបំពេញសេវាកម្ម អាជីវកម្មឱ្យកាន់តែល្អប្រសើរ និងសម្រេចបាន លទ្ធផលខ្ពស់ជាប្រយោជន៍ដល់ភាគហ៊ុនិករបស់ខ្លួន។ កសស បានពង្រឹងប្រសិទ្ធភាពការងារ និងការកសាង ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការសេវាកម្មរបស់អតិថិជន និងការរីកចម្រើន សេដ្ឋកិច្ចជាតិ៕