ក្រុមហ៊ុនម៉ាតខ្នាតយក្សកាណាដាមួយ ដាក់សំណើសុំទិញយកហាង 7-Eleven ក្នុងតម្លៃរាប់ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនម៉ាតរបស់កាណាដា Alimentation Couche-Tard កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានដាក់សំណើសុំទិញយកក្រុមហ៊ុនជប៉ុន Seven & i Holdings ដែលត្រូវបានគេស្គាល់ថាជាប្រតិបត្តិករគ្រប់គ្រងលើបណ្តាញហាងលក់ទំនិញរាយដ៏ធំបំផុតមួយលើពិភពលោក 7-Eleven ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Nippon។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ ភាគីខាងក្រុមហ៊ុន Seven & i Holdings បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងមួយថា សំណើសម្ងាត់មួយត្រូវបានស្នើដោយ Alimentation Couche-Tard ដើម្បីទទួលបានភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន ហើយនៅពេលនេះ ក្រុមប្រឹក្សាភិបាលរបស់ខ្លួនកំពុងបង្កើតគណៈកម្មាធិការពិសេសមួយ និងឯករាជ្យ ដើម្បីពិនិត្យមើលសំណើនេះ។

គួរឲ្យដឹងថា ប្រសិនបើការទិញយកក្រុមហ៊ុន Seven & i អាចសម្រេចទៅបាន នោះក្រុមហ៊ុន Alimentation Couche-Tard ត្រូវបានរំពឹងថានឹងចំណាយប្រាក់ច្រើនជាង ៥ទ្រីលានយ៉េន ឬប្រមាណជាង ៣៤ពាន់លានដុល្លារ ដើម្បីបង្កើតបានជាក្រុមហ៊ុនលក់រាយដ៏ធំបំផុត នៅលើពិភពលោក។

ក្រុមហ៊ុន Alimentation Couche-Tard បានដំណើរការហាងលក់ទំនិញរាយរបស់ខ្លួនប្រហែល ១៧ ០០០ កន្លែង ក្រោមម៉ាកយីហោដូចជា Couche-Tard និង Circle K នៅក្នុងប្រទេសប្រហែល ៣០ រួមទាំងកាណាដា សហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប។

ជម្រាបជូនថា បច្ចុប្បន្នតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន Alimentation Couche-Tard ដែលបានចុះបញ្ជីនៅផ្សារហ៊ុនតូរ៉ុនតូ គឺមានប្រហែល ៨.៥ទ្រីលានយ៉េន ពោលគឺខ្ពស់ជាងតម្លៃទីផ្សាររបស់ក្រុមហ៊ុន Seven and i ដែលមានចំនួន ៥,៦ទ្រីលានយ៉េន នៅក្នុងផ្សារហ៊ុនតូក្យូ៕