គណៈកម្មការអឺរ៉ុប កាលពីពេលថ្មីៗនេះ បានយល់ព្រមកាត់បន្ថយពន្ធដែលខ្លួនគ្រោងដាក់លើរថយន្ត Tesla ផលិតនៅក្នុងប្រទេសចិន បន្ទាប់ពីក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk បានចូលរួមសហការជាមួយមន្ត្រីសហភាពអឺរ៉ុប ក្នុងការស៊ើបអង្កេតលើការឧបត្ថម្ភធនដែលកំពុងបន្តនៅក្នុងក្រុមហ៊ុនរថយន្ត EV របស់ចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
គណៈកម្មការអឺរ៉ុប ឥឡូវនេះ បានបញ្ជាក់ថាខ្លួននឹងដាក់ពន្ធត្រឹមតែ ៩% ប៉ុណ្ណោះលើរថយន្ត Tesla ដែលផលិតនៅក្នុងប្រទេសចិន ពោលគឺធ្លាក់ចុះពី ២០,៨% ខណ:ពេលដែលក្រុមហ៊ុនផលិតរថយន្ត EV ចិនមួយចំនួន ដែលបានបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនផលិតរថយន្តរបស់សហភាពអឺរ៉ុប ក៏អាចទទួលការកាត់បន្ថយពន្ធ ផងដែរ។
គួរឲ្យដឹងផងដែរថា មន្ត្រីសហភាពអឺរ៉ុប បាននឹងកំពុងបន្តស៊ើបអង្កេតលើក្រុមហ៊ុនផលិតរថយន្ត EV របស់ចិន ចាប់តាំងពីឆ្នាំមុនមក ជុំវិញការព្រួយបារម្ភថារថយន្តថោកៗដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុរដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងធ្វើឲ្យខូតដល់ទីផ្សារសកល។
ជុំវិញការស៊ើបអង្កេតនេះ បានកើតឡើងនៅពេលដែលម៉ាកយីហោចិនដូចជា Nio និង BYD កំពុងហូរចូលយ៉ាងច្រើនទៅក្នុងទ្វីបអឺរ៉ុប ចំពេលមានការធ្លាក់ចុះនៃតម្រូវការរថយន្ត EV នៅក្នុងប្រទេសចិន។
ជម្រាបជូនផងដែរថា កាលពីខែកក្កដា គណៈកម្មាការអឺរ៉ុប បានឈានដល់ការដំឡើងពន្ធខ្ពស់រហូតដល់ ៣៧,៦% លើរថយន្ត EV ដែលផលិតនៅក្នុងប្រទេសចិន ក្រោយការស៊ើបអង្កេតនេះ៕