អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) និងជាប្រធានក្រុមហ៊ុនអាកាសចរណ៍ CamJets Royal Group នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានប្រកាសបើកដំណើរការនូវជើងហោះហើរដំបូង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ការបើកជើងហោះហើរដំបូងនេះ ក្រុមហ៊ុនអាកាសចរណ៍ CamJets Royal Group បានបើកដំណើរការសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសបែបលក្ខណៈឯកជន Private Jets ជាមួយនឹងការត្រៀមស្វាគមន៍ ដោយផ្ដល់សេវាកម្មកម្រិតខ្ពស់ជូនអតិថិជន សម្រាប់ការធ្វើដំណើរបែបឯកជនផ្ដាច់មុខ និងដើម្បីលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍ CamJets Royal Group បើកប្រតិបត្តិការជើងហោះហើររបស់ខ្លួននាពេលនេះ គឺជាការផ្ដល់នូវជម្រើសសម្បូរបែបជូនធុរជន ភ្ញៀវទេសចរ ដែលត្រូវការសេវាកម្មកម្រិតខ្ពស់ សម្រាប់ការធ្វើដំណើរបែប Private Jets និងជាការចូលរួមលើកកម្ពស់វិស័យអាកាសចរណ៍កម្ពុជា ដែលកំពុងតែស្ទុះឡើងយ៉ាងឆាប់រហ័ស។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ក្នុងឆ្នាំ ២០២៣ កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍សរុបចំនួន ៣៣ មានកំណើន ២៧ ភាគរយ បើធៀបឆ្នាំ ២០២២ មានចំនួន ២៦ ក្នុងនោះក្រុមហ៊ុនក្នុងស្រុកចំនួន ៤ និងក្រុមហ៊ុនក្រៅស្រុក ២៩។ យ៉ាងណាមិញ នៅឆ្នាំ២០២៥ខាងមុខនេះ វិស័យអាកាសចរណ៍កម្ពុជា ត្រូវបានគេរំពឹងថានឹងមានកំណើនភ្ញៀវទេសចរណ៍កាន់តែច្រើនឡើងបន្ថែមទៀត បន្ទាប់ពីគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ តម្លៃសរុប ១,៥០០លានដុល្លារ បើកប្រតិបត្តិការជើងហោះហើរជាផ្លូវការ៕