នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) និងជាប្រធានក្រុមហ៊ុនអាកាសចរណ៍ CamJets Royal Group បានប្រកាសបើកដំណើរការនូវជើងហោះហើរដំបូងបែបលក្ខណៈឯកជន Private Jets ជាមួយនឹងការត្រៀមស្វាគមន៍ ដោយផ្ដល់សេវាកម្មកម្រិតខ្ពស់ជូនអតិថិជន សម្រាប់ការធ្វើដំណើរបែបឯកជនផ្ដាច់មុខ និងដើម្បីលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា។
ពិធីប្រកាសបើកប្រតិបត្តិការជើងហោះហើរ Private Jets ថ្មីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាៗជាច្រើនរួមមាន៖ លោកអ្នកឧកញ៉ា លី ហួរ, អ្នកឧកញ៉ា ម៉ៅ ចំណាន, អ្នកឧកញ៉ា ឡាវ កាង, អ្នកឧកញ៉ា ជាម ឃុនណាត, អ្នកឧកញ៉ា លី ឃុនថៃ, អ្នកឧកញ៉ា តេង, ឧកញ៉ា កែវ មុំ, ឧកញ៉ា គួច ផេង, ឧកញ៉ា នួន ពេជ្រសុផល ព្រមទាំងអភិវជន ភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនរូបទៀត។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ CamJets Royal Group បើកប្រតិបត្តិការជើងហោះហើររបស់ខ្លួននាពេលនេះ គឺជាការផ្ដល់នូវជម្រើសសម្បូរបែបជូនធុរជន ភ្ញៀវទេសចរ ដែលត្រូវការសេវាកម្មកម្រិតខ្ពស់ សម្រាប់ការធ្វើដំណើរបែប Private Jets និងជាការចូលរួមលើកកម្ពស់វិស័យអាកាសចរណ៍កម្ពុជា ឱ្យកាន់តែមានសន្ទុះកើនឡើងមួយកម្រិតទៀត៕