ថៅកែហាងពេជ្រ CSNJ លោកឧកញ៉ា ចិន សំណាង លើកទឹកចិត្ដបងប្អូនខ្មែរទិញមាសទុកក្នុងពេលដែលមាសឡើងថ្លៃ

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ចិន សំណាង ថៅកែហាងពេជ្រ CSNJ បានបង្ហោះវីដេអូនិយាយលើកទឹកចិត្ដដល់បងប្អូនខ្មែរគួរទិញមាសទុក កុំលក់មាសចេញក្នុងពេលដែលហាងឆេងមាសកំពុងតែឡើងថ្លៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបញ្ជាក់នៅលើបណ្ដាញសង្គម នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ លោកឧកញ៉ា ចិន សំណាង បានលើកឡើងថា លោកតែងសង្កេតឃើញថានៅកម្ពុជា ពេលមាសឡើងថ្លៃអត់មាននាំគ្នាទិញមាសទុកទេ គឺសម្រុកលក់មាសចេញ ចំណែកឯនៅចិន ឥណ្ឌា អ៊ឺរ៉ុប ហុងកុង និងសហរដ្ឋអាមេរិច ពេលដែលមាសឡើងថ្លៃគឺនាំគ្នាទិញមាសទុកតែម្ដង ផ្ទុយពីនៅស្រុកខ្មែរ។

ជាមួយនឹងការលើកឡើងបែបនេះ អ្នកជំនួញក្នុងវិស័យច្នៃម៉ូដ គ្រឿងអលង្ការ មាស ពេជ្រ ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា លោកឧកញ៉ា ចិន សំណាង ក៏បានពន្យល់ថា ប្រសិនបើបងប្អូនទាំងអស់លក់មាសយកលុយហើយ, ឧទាហរណ៍មាសមួយដំឡឹង៣០០០ដុល្លារ បើបងប្អូនលក់ចេញហើយ កុំសង្ឃឹមថាខែក្រោយ ឬឆ្នាំក្រោយអាចទិញមាសក្នុងតម្លៃនឹងទៀត។

ទន្ទឺមនឹងនេះ លោកឧកញ៉ា ចិន សំណាង បានលើកទឹកចិត្ដដល់បងប្អូនខ្មែរទាំងអស់កុំលក់មាសពេលកំពុងឡើងថ្លៃ ហើយប្រសិនបានចាំបាច់ខ្លាំងណាស់ ចាំលក់ចេញ ប៉ុន្ដែប្រសិនបើមិនចាំបាច់ទេ គឺគួរទិញមាសទុកថែមទើបល្អ។

សូមជម្រាបជូនថា ឧកញ៉ា ចិន សំណាង គឺជាម្ចាស់ហាងគ្រឿងអលង្ការពេជ្រ CSNJ ជាហាងពេជ្រលំដាប់កំពូលមួយ ប្រចាំប្រទេសកម្ពុជា ដែលប្រមូលផ្ដុំ ដោយក្រុមជាងមានបទពិសោធន៍យូរឆ្នាំ ទាំងក្នុងស្រុក និងមកពីប្រទេសឥណ្ឌា៕