រដ្ឋសភាថៃបានប្រកាសថា ពួកគេនឹងបើកការស៊ើបអង្កេតលើអ្នកនយោបាយជាន់ខ្ពស់ និងជាអតីតមេទ័ព លោក ប្រាវីត វុងស៊ូវ៉ាន់ ជុំវិញការទះកំភ្លៀងអ្នកសារព័ត៌មានម្នាក់ បន្ទាប់ពីព្យាយាមសួរសំណួរទៅកាន់លោក។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា រដ្ឋមន្ត្រីជាន់ខ្ពស់រូបនេះ បានយកដៃទះកំភ្លៀង ទៅលើអ្នកសារព័ត៌មានពីស្ថាប័ន ThaiPBS កាលពីថ្ងៃទី១៦ ខែសីហា ក្រោយនារីម្នាក់នោះសួរទៅកាន់លោក ប្រាវីត ជុំវិញការតែងតាំងអ្នកនាង ផែថុងថាន ស៊ីណាវ៉ាត់ត្រា ជានាយករដ្ឋមន្ត្រីថៃ។
#Thailand: Women Press Freedom strongly condemns Thai politician Prawit Wongsuwon for slapping @ThaiPBSWorld journalist #DuangthipYiamphop as she approached him with a question. This violent behavior is unacceptable, especially from an elected official. We demand immediate… pic.twitter.com/PetROVWw0V
— #WomenInJournalism (@CFWIJ) August 19, 2024
ទន្ទឹមនឹងនោះ រដ្ឋសភាក៏បានអះអាងថា ពួកគេនឹងបើកការស៊ើបអង្កេតយ៉ាងតឹងរ៉ឹងបំផុត ជុំវិញករណីមួយនេះ បន្ទាប់ពីស្ថាប័នសារព័ត៌មាន ThaiPBS បានដាក់ពាក្យបណ្ដឹងជាផ្លូវការភ្លាមៗ។
សូមជម្រាបដែរថា លោក ប្រាវីត កំពុងប្រឈមមុខជាមួយនឹងការព្យួរឈ្មោះ ពីសមាជិករដ្ឋសភា ឬអាចហាមឃាត់ការធ្វើនយោបាយពេញមួយជីវិត បើសិនជារកឃើញថាបានល្មើសជាមួយនឹងច្បាប់ ខណៈសមាគមអ្នកកាសែតថៃ បានចាត់ទុកទង្វើនេះថា ជាការប្រើអំពើហិង្សា និងគម្រាមកំហែងលើសិទ្ធសេរីភាពអ្នកសារព័ត៌មាន៕