ឥណ្ឌូណេស៊ី ត្រៀមខ្លួនរួចជាស្រេចដើម្បីនាំចេញអគ្គិសនីជាលើកដំបូង ទៅកាន់ប្រទេសសិង្ហបុរី

អន្តរជាតិ

រដ្ឋាភិបាលឥណ្ឌូណេស៊ី បាននិយាយកាលពីថ្ងៃពុធ ទី២១ ខែសីហាថា ប្រទេសរបស់ខ្លួនបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការចាប់ផ្តើមផ្គត់ផ្គង់អគ្គិសនីទៅកាន់ប្រទេសសិង្ហបុរី ជាលើកដំបូង។ នេះបើតាមការចុះផ្សារព័ត៌មាន Xinhua។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto បាននិយាយថា សិង្ហបុរីបានចុះកិច្ចព្រមព្រៀងក្នុងការទិញយកអគ្គិសនីពីរោងចក្រថាមពលពន្លឺព្រះអាទិត្យរបស់ប្រទេសឥណ្ឌូណេស៊ី ដែលស្ថិតនៅកោះ Batam, Bintan និង Karimun ។

ទន្ទឹមនឹងនេះ លោក Hartarto បាននិយាយប្រាប់ទៅកាន់សន្និសីទសារព័ត៌មានមួយ នៅទីក្រុងហ្សាកាតាថា ៖”បច្ចុប្បន្នយើងកំពុងរៀបចំបណ្តាញបញ្ជូនជាច្រើន ទៅកាន់ប្រទេសសិង្ហបុរី ដើម្បីកាត់បន្ថយហានិភ័យដែលទាក់ទងនឹងការថែទាំ និងការដាច់ចរន្តអគ្គិសនី ដោយសារតំបន់នេះ ជួបប្រទះនឹងចរាចរណ៍ដឹកជញ្ជូនស្មុគស្មាញខ្លាំង” ។

លោក Hartarto បានបន្ថែមទៀតថា ៖ “យើង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​នាំ​ចេញ​អគ្គិសនី​បៃតង​ទៅ​សិង្ហបុរី។ ពីដំបូង យើងបាននាំចេញតែធ្យូងថ្ម និងឧស្ម័នធម្មជាតិប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះយើងអាចនាំចេញថាមពលបៃតងទៅកាន់សិង្ហបុរីបាន។ សង្ឃឹមថាផែនការនេះ អាចសម្រេចបាននៅឆ្នាំ២០២៧ ឬឆ្នាំ២០២៨” ។

ជម្រាបជូនថា ផែនការរបស់ឥណ្ឌូណេស៊ី ក្នុងការនាំចេញថាមពលអគ្គិសនីទៅកាន់ប្រទេសសិង្ហបុរី បានប្រព្រឹត្តទៅតាំងពីខែមេសា បន្ទាប់ពីជំនួបរវាងប្រធានាធិបតីឥណ្ឌូណេស៊ី​ លោក ចូកូ វីដូដូ និងអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong នៅខេត្ត West Java៕