ធនាគារ វីងទទួលបានការអនុញ្ញាតក្នុងការប្រមូលថ្លៃសេវា សម្រាប់និយ័តករមូលបត្រកម្ពុជា ដែលបង្កើននូវជម្រើសទូទាត់កាន់តែប្រសើរថែមទៀតក្នុងការបង់ថ្លៃសេវាស្នើសុំ និងការបន្តសុពលភាព លេខអត្តសញ្ញាណវិនិយោគិន។
និយ័តករមូលបត្រកម្ពុជា និងធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសកិច្ចសហការ ដើម្បីជួយសម្រួលទៅដល់វិនិយោគិនក្នុងការដាក់ស្នើ ក៏ដូចជាបន្តសុពលភាពលេខអត្តសញ្ញាណ ដោយផ្តល់ជូននូវការប្រើប្រាស់សេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកដ៏រលូនតាមរយៈធនាគារ វីង។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ត្រូវបានរៀបចំធ្វើឡើងក្រោមវត្តមានឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា និងលោក Han Peng Kwang អគ្គនាយកធនាគារ វីង។ កិច្ចសហការនេះបង្ហាញពីការបោះជំហានដ៏សំខាន់មួយទៀតសំដៅជំរុញសក្តានុពលទីផ្សាមូលបត្រឱ្យកាន់តែរីកចម្រើន។
ឯកឧត្តម ស៊ូ សុជាតិ បានថ្លែងថា៖ “កិច្ចសហប្រតិបត្តិការរបស់យើងជាមួយធនាគារ វីង គឺជាការវិវឌ្ឍឆ្ពោះទៅមុខដ៏សំខាន់មួយ សំដៅបង្កលក្ខណៈកាន់តែងាយស្រួល និងប្រសិទ្ធភាពសម្រាប់ទីផ្សារមូលបត្រកម្ពុជា។”
ឯកឧត្តម ស៊ូ សុជាតិ បានបន្តថា៖ “តាមរយៈការចាប់យកនូវដំណោះស្រាយឌីជីថល យើងអាចប្រាកដថាវិនិយោគិនរបស់យើងចូលរួមក្នុងទីផ្សារកាន់តែងាយស្រួល និងប្រកបដោយទំនុកចិត្តខ្ពស់បំផុត។”
តាមរយៈកិច្ចសហការដ៏សំខាន់នេះ ធនាគារ វីង ទទួលបានការអនុញ្ញាតជាផ្លូវការដើម្បីប្រមូលថ្លៃសេវាជូននិយ័តករមូលបត្រកម្ពុជា ក៏ដូចជាផ្តល់នូវជម្រើសងាយស្រួលបន្ថែមទៀតដល់វិនិយោគិនក្នុងការទូទាត់ប្រាក់សម្រាប់ការបង់ថ្លៃសេវាស្នើសុំ និងការបន្តសុពលភាពលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ។
គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤ និយ័តករមូលបត្រកម្ពុជាបានផ្តល់លេខអត្តសញ្ញាណវិនិយោគិនសរុបចំនួន ៥១,៧៧១ លេខអត្តសញ្ញាណវិនិយោគិន និងមានការបើកគណនីជួញដូរសរុបចំនួន ៥៣,៧១២គណនីនៅក្នុងទីផ្សារមូលបត្រកម្ពុជា។ ឯកឧត្តមស៊ូ សុជាតិ មានការរំពឹងទុកថាបុគ្គលិកធនាគារ វីង នឹងចូលរួមបង្កើតលេខអត្តសញ្ញាណវិនិយោគិន និងគណនីជួញដូរឱ្យបានកាន់តែច្រើន។
លោក ហាន ប៉េងក្វាង បានថ្លែងអំណរគុណ និយ័តករមូលបត្រកម្ពុជាចំពោះកិច្ចសហការដ៏មានសារៈសំខាន់នេះ។ លោកបានលើកឡើងថា៖ “យើងខ្ញុំសូមថ្លែអំណរគុណទៅដល់និយ័តករមូលបត្រកម្ពុជា ដែលបានផ្តល់ទំនុកចិត្តដល់យើងខ្ញុំចំពោះភារកិច្ចប្រកបដោយទំនួលខុសត្រូវ និងស្មារតីនៃការបេ្តជ្ញាចិត្តនេះ។”
លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ “ធនាគារ វីង ពិតជាមានមោទនភាពក្នុងចូលរួមគាំទ្រក្នុងបេសកកម្មរបស់និយ័តករមូលបត្រកម្ពុជាដើម្បីអភិវឌ្ឍទីផ្សារមូលធននៅកម្ពុជា។ តាមរយៈការប្រើប្រាស់ជំនាញរបស់យើង ដោយប្រើប្រាស់នូវប្រព័ន្ធទូទាត់ឌីជីថលដ៏ទំនើប យើងខ្ញុំមានគោលបំណងរួមចំណែកធ្វើឱ្យដំណើរការបង្កើតលេខអត្តសញ្ញាណវិនិយោគិនកាន់តែងាយស្រួល និងប្រកបដោយប្រសិទ្ធភាពទៅដល់វិនិយោគិនទាំងអស់។
ធនាគារ វីង និង និយ័តករមូលបត្រកម្ពុជា ឈរនៅលើស្សនៈវិស័យផ្អែកលើកិច្ចសហការខិតខំប្រឹងប្រែងរួមគ្នាដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងវិស័យបច្ចេកវិទ្យារបស់កម្ពុជា ដែលនេះសបញ្ជាក់ឱ្យឃើញពីភាពជាដៃគូសហការរវាងវិស័យរដ្ឋ និងឯកជនក្នុងការជំរុញបរិវត្តកម្មឌីជីថលឆ្ពោះទៅមុខសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា។
និយ័តករមូលបត្រកម្ពុជា តែងតែរក្សាការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការយកចិត្តទុកដាក់ទៅលើបរិយាកាសហិរញ្ញវត្ថុដោយផ្តោតលើការផ្តល់សុវត្ថិភាព តម្លាភាព នវានុវត្តន៍ និងបរិយាបន្ន។ ដោយមើលឃើញពីបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងឆាប់រហ័ស វាពិតជាសំខាន់ណាស់ដែលថាការចាប់យកនូវបច្ចេកវិទ្យាទាំងនេះអាចផ្តល់សេវាកម្មទៅដល់វិនិយោគិនទាំងអស់កាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់។
អស់រយៈពេល១៦ឆ្នាំនៃការផ្តល់សេវាកម្មហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា ការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ វីង ចំពោះការច្នៃប្រឌិតថ្មីៗត្រូវបានបង្ហាញឱ្យឃើញតាមរយៈសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបរបស់ខ្លួន។ ក្នុងនោះមានប្រមាណ ១៦៥.០០០អាជីវកម្ម, ស្ថាប័នរដ្ឋាភិបាលចំនួន ១០ ស្ថាប័ន, សហគ្រាសធុនតូច និងមធ្យមប្រមាណ ៣.០០០សហគ្រាស និងមានក្រុមហ៊ុនសាជីវកម្ម ៩០០ ក្រុមហ៊ុន ដែលទទួលបានផលប្រយោជន៍ពីសេវាកម្មរបស់ធនាគារ វីង។
ធនាគារ វីង មានអ្នកប្រើប្រាស់ជាង ១៤,៥ លានគណនី និងបានក្លាយជាដៃគូដ៏ទុកចិត្តពីសំណាក់អាជីវកម្មគ្រប់មជ្ឈដ្ឋានតាមរយៈការផ្តល់សេវាកម្មធនាគារដ៏ទំនើបរបស់ខ្លួន រួមមានទាំងការទូទាត់តាមឌីជីថល និងសេវាបើកប្រាក់បៀវត្សជាដើម។
ភាពជាដៃគូនេះពិតជាមានសារៈសំខាន់ក្នុងការជំរុញទីផ្សារមូលបត្រនៅកម្ពុជាកាន់តែមានភាពរឹងមាន និងរីកលូតលាស់ឆ្ពោះទៅមុខ ដែលគាំទ្រដោយកត្តាប្រសិទ្ធភាព និងបរិយាកាសងាយស្រួលទៅដល់អ្នកចូលរួមក្នុងទីផ្សារនេះ៕