សម្តេចធិបតី៖ ចាប់ពីខែសីហា ២០២៣ ដល់កក្កដា ២០២៤ ពាណិជ្ជកម្មអន្តរជាតិកម្ពុជាកើនឡើងប្រមាណ៩,៤%

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា គិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែកក្កដា ២០២៤ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុនពាណិជ្ជកម្មអន្តរជាតិបានកើនឡើងប្រមាណ៩,៤% ក្នុងទំហំទឹកប្រាក់ប្រមាណ៥២ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតីមានប្រសាសន៍បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលតី៧ នៃរដ្ឋសភា២២ សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ២០២៤។

សម្តេចធិបតីបានថ្លែងថា គិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែកក្កដា ២០២៤ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុនពាណិជ្ជកម្មអន្តរជាតិបានកើនឡើងប្រមាណ៩,៤% ក្នុងទំហំទឹកប្រាក់ប្រមាណ៥២ពាន់លានដុល្លារ ការនាំចេញមានកំណើន១២%ក្នុងទំហំប្រមាណ២៥ពាន់លានដុល្លារ ទៅ១៧០ប្រទេស ដែលក្នុងនោះទីផ្សារទំៗមានដូចជាអាស៊ាន សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ចិន ជប៉ុន និងកាណាដាជាដើម។

សម្តេចធិបតីបន្តថា ក្នុងនោះការនាំចេញនៃវិស័យកម្មន្តសាលមានកំណើនប្រមាណ២០% ក្នុងទំហំទឹកប្រាក់១៥,៦ពាន់លានដុល្លារ ដែលក្នុងនោះទំនិញសំខាន់ៗរួមមានសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង សម្ភារៈធ្វើដំណើរសំបកកង់រថយន្ត កង់ និងសម្ភារៈអគ្គិសនី។

សម្តេចធិបតីបានបញ្ជាក់បន្ថែមថា ការនាំចេញផលិតផលកសិកម្មក៏មានកំណើនប្រមាណ៣៦%ផងដែរ ក្នុងទំហំទឹកប្រាក់៣,៧ពាន់លានដុល្លារ ដែលក្នុងនោះទំនិញសំខាន់ៗរួមមាន ស្រូវ អង្ករ ម្រេច ដំឡូងមី ស្វាយចន្ទី ស្វាយកែវរមៀត ជ័រកៅស៊ូ និងទំនិញផ្សេងៗទៀត៕