ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រយៈពេល១២ខែនេះ កម្ពុជាអនុម័តគម្រោងវិនិយោគសរុបចំនួន៣៩១គម្រោងក្នុងទឹកប្រាក់ប្រមាណ៧,៦ពាន់លានដុល្លារ បង្កើតការងារជាង៣៤ម៉ឺនកន្លែង។
សម្តេចធិបតីមានថ្លែងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលតី៧ នៃរដ្ឋសភា ២២ សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ២០២៤។
សម្ដេចធិបតី បានថ្លែងថា គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៣៩១គម្រោងដែលមានទឹកប្រាក់ប្រមាណ៧,៦ពាន់លានដុល្លារ ដែលក្នុងនោះមានវិនិយោគិនពីបរទេស មកពីចិន សហរដ្ឋអាមេរិក ជប៉ុន កាណាដា កូរ៉េខាងត្បូង ស៊ុយអែត អាស៊ាន សហភាពអឺរ៉ុប អូស្រ្តាលី និងពីបណ្តាប្រទេសជាច្រើនទៀត។
សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា ការវិនិយោគពីបរទេសខាងលើនេះ ផ្ដោតលើវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្មទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ហើយមានលទ្ធភាពបង្កើតការងារជាង៣៤ម៉ឺនកន្លែងជូនប្រជាជនកម្ពុជា៕