លោកថាក់ស៊ីន គាំទ្រផែនការចែកលុយឌីជីថល ៥០០ពាន់លានបាត របស់អតីតនាយករដ្ឋមន្ត្រីថៃ

អន្តរជាតិ

ផែនការចែកលុយឌីជីថល ៥០០ពាន់លានបាត ឬប្រហែល ១៤,៥ពាន់លានដុល្លារ ដែលបំផុសឡើងដោយអតីតនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានទទួលការគាំទ្រពីឪពុកនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ចំពេលមានមន្ទិលសង្ស័យ ចំពោះគម្រោងការមួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា លោក ថាក់ស៊ីន បានអះអាងថា គម្រោងការចែកលុយជូនប្រជាជនថៃ ៥០លាននាក់ គឺប្រៀបដូចជាការជំរុញសេដ្ឋកិច្ចឲ្យកាន់តែប្រសើរជាងមុន ដូច្នេះវាគួរតែត្រូវបានអនុវត្តដូចផែនការគ្រោងទុក។

គួររំលឹកបន្តិចថា បើទោះជាបច្ចុប្បន្ន លោក ថាក់ស៊ីន មិនមានមុខតំណែងនៅក្នុងជួររដ្ឋាភិបាលថៃក្ដី តែលោកគឺជាបុគ្គលមួយរូប ដែលប្រជាជនគោរពស្រលាញ់ ជាពិសេសគឺជាឪពុកបង្កើតរបស់នាយករដ្ឋមន្ត្រីវ័យក្មេង អ្នកនាង ផែថុនថាន ស៊ីណាវ៉ាត្រា តែម្ដង។

សូមជម្រាបដែរថា ផែនការចែកលុយជូនប្រជាជនថៃចំនួន ៥០០ពាន់លានបាតនោះ គឺកំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល ក្រោយលោក Srettha Thavisin ត្រូវបានរដ្ឋសភា បោះឆ្នោតទម្លាក់តំណែងពីនាយករដ្ឋមន្ត្រី ក្រោយបំពានច្បាប់រដ្ឋធម្មនុញ្ញ ស្របពេលមេដឹកនាំថៃថ្មី កំពុងសិក្សាយ៉ាងលំអិតបន្ថែម អំពីគម្រោងមួយនេះ៕