លោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងរយៈពេល១ឆ្នាំនេះ ព្រមទាំងសន្យាបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាលើគ្រប់វិស័យ ពិសេសវិស័យសាធារណការ និងដឹកជញ្ជូនបន្ថែមទៀត។
ឯកអគ្គរដ្ឋទូតចិនរូបនេះ បានលើកឡើងដូច្នេះនៅក្នុងជួបសម្តែងការគួរសមជាមួយ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
នាឱកាសនោះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រមានិតចិន ដែលតែងតែផ្តល់ការគាំទ្រ និងរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍របស់កម្ពុជា ពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។
ទន្ទឹមនេះ លោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា ក៏បានបញ្ជាក់អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា សម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន តាមរយៈយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ពិសេសផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលផ្តោតអាទិភាពចម្បងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់ សំដៅបង្កើនការតភ្ជាប់ និងភាពប្រទាក់ក្រឡា ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជាជាដើម។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីសង្ឃឹមជឿជាក់ថា រដ្ឋាភិបាលចិននឹងបន្តគាំទ្រដល់កម្ពុជាបន្ថែមទៀត ពិសេសគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក៏ដូចជាជំរុញការវិនិយោគឯកជន និងទាក់ទាញភ្ញៀវទេសចរណ៍ចិនមកកម្ពុជា។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតចិន បានថ្លែងអំណរគុណចំពោះការសា្វគមន៍ និងមានក្តីរីករាយក្នុងការបានបំពេញបេសកកម្មការទូតនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងចិន និងកម្ពុជាក្នុងវិស័យសាធារណការ និងដឹកជញ្ជូននាពេលកន្លងមក។
ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងការអបអរសាទរចំពោះខួប១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងរយៈពេល១ឆ្នាំនេះ ព្រមទាំងសន្យាបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាលើគ្រប់វិស័យ ពិសេសវិស័យសាធារណការ និងដឹកជញ្ជូន។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបនេះដែរ ក្រសួងសាធារណការ និងស្ថានទូតចិន ក៏បានប្តេជ្ញារួមគ្នាថា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងចិន ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត៕ អត្ថបទ៖ រង្សី