កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Minsk នៃប្រទេសបេឡារុស និងបានជួបជាមួយនាយករដ្ឋមន្ត្រី Roman Golovchenko ដើម្បីជជែកគ្នាពីកិច្ចការមួយចំនួន។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំចិន ទៅកាន់ប្រទេសបេឡារុស ប្រទេសទាំង២ បានព្រមព្រៀងគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមទាំងវិស័យការពារជាតិ ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាដើម។
បន្ថែមពីនោះ ប្រទេសទាំង២ ក៏បានសន្យាជំរុញលើកិច្ចសហប្រតិបត្តិការលើការផ្គត់ផ្គង់ ក៏ដូចជាពង្រឹងបន្ថែមនូវការសម្របសម្រួលពាណិជ្ជកម្មទ្វេភាគី ដើម្បីកាត់បន្ថយការចំណាយឲ្យកាន់តែតិចជាងមុនផងដែរ។
គួររំលឹកបន្តិចថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី២លើលោក និងធំបំផុតនៅអាស៊ី របស់ប្រទេសបេឡារុស ដោយទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំង២ កាលពីឆ្នាំទៅ សម្រេចបានដល់ ៨,៤ពាន់លានដុល្លារឯណោះ៕