សមាគមឧកញ៉ាកម្ពុជា អំពាវនាវដល់គោរមវន្ដដែលមិនទាន់ចុះឈ្មោះជាសមាជិកសមាគមឧកញ៉ាកម្ពុជារួសរាន់មកចុះឈ្មោះចូលជាសមាជិក

សមាគមឧកញ៉ាកម្ពុជា

សមាគមឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងអំពាវនាវដល់គោរមវន្ដទាំងអស់ដែលមិនទាន់ចុះឈ្មោះជាសមាជិកសមាគមឧកញ៉ាកម្ពុជា ឆាប់រួសរាន់ទាក់ទងមក អគ្គលេខាធិការដ្ឋាន នៅរៀងរាល់ម៉ោងធ្វើការ សាកសួរព័ត៌មានបន្ថែម និងចុះឈ្មោះចូលជាសមាជិកចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្ដីជូនដំណឹងស្ដីពី ការចុះឈ្មោះ និងដាក់ពាក្យចូលជាសមាជិកសមាគមឧកញ៉ាកម្ពុជា សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថានៅពេលដ៏ខ្លីខាងមុខនេះ សមាគមឧកញ៉ាកម្ពុជានឹងត្រៀមផ្សាយជាសារធារណៈនូវអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីបែបបទនិងនីតិវិធី នៃការស្នើសុំនិង វាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា។

ឆ្លៀតក្នុងឱកាសនេះ សមាគមឧញ៉ាកម្ពុជា ក៏បានគោរពអញ្ជើញ គោរមវន្ត ដែលមិនទាន់បានចុះឈ្មោះចូលជា សមាជិកសមាគមឧកញ៉ាកម្ពុជានៅឡើយ សូមមេត្តារួសរាន់ទាក់ទងមក អគ្គលេខាធិការដ្ឋាន នៅរៀងរាល់ម៉ោងធ្វើការ សាកសួរព័ត៌មានបន្ថែម និងចុះឈ្មោះចូលជាសមាជិកចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

សូមជម្រាបជូនថា សមាគមឧកញ៉ាកម្ពុជា (សរសេរជាអក្សរកាត់ ស.ឧ.ក) ត្រូវបានបង្កើតឡើង និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ ៥៩៧៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២ ស្តីពីការសុំចុះឈ្មោះសមាគមឧកញ៉ាកម្ពុជា ក្នុងបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា។ សមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នតែមួយគត់តំណាងឱ្យគោរមវន្ត ទាំងអស់នៅកម្ពុជា និងជាស្ថាប័ន អព្យាក្រឹត មិនស្វែងរកប្រាក់កម្រៃ ព្រមទាំងធ្វើសកម្មភាពដោយមិនមានការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ៕