សមាគមឧកញ៉ាកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានបដិសេធបុគ្គលឈ្មោះ គុយ វ៉ាត ថៅកែហាង ផាក កាហ្វេ (Park Coffee) ថាមិនមែនមានគោរមងារ «ឧកញ៉ា» នោះទេ។
នៅព្រឹកថ្ងៃទី២៥ ខែសីហានេះ មានការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានលើបណ្តាញសង្គមមួយចំនួន ស្តីពីការចាប់ខ្លួន លោក គុយ វ៉ាត ពាក់ព័ន្ធបទល្មើសចេញសែកអត់ទឹកប្រាក់ និងបទឆបោកប្រាក់រាប់លានដុល្លារអាមេរិក ដោយអង្គភាពសារព័ត៌មាន និងសាធារណជនមួយចំនួនសរសេរ និងហៅលោក គុយ វ៉ាត ថាជា «ឧកញ៉ា»។
សមាគមឧកញ៉ាកម្ពុជា សូមគោរពជម្រាបជូនដល់ គោរមវន្ត និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា លោក គុយ វ៉ាត មិនមែនមានគោរមងារជា «ឧកញ៉ា» នោះទេ។ សមាគមឧកញ៉ាកម្ពុជា ក៏សូមសំណូមពរឱ្យបណ្តាញសារព័ត៌មាននានា សូមគោរពក្រមសីលធម៌ វិជ្ជាជីវៈ ឈរលើសុចរិតភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕