ធនាគារររបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ាចំនួនពីររូបមានដូចជា ធនាគារកាណាឌីយ៉ា និងធនាគារវីង ត្រូវបានជ្រើសរើសជាមធ្យោបាយចូលរួមកសាងផ្លូវក្រវ៉ាត់ព្រំដែន។
យោងតាមការជូនដំណឹងរបស់ខុទ្ធកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ធ្វើឡើងក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុរួមគ្នាកសាងនិងការពារមាតុភូមិរបស់យើង។
ជាមួយនឹងការជូនដំណឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស មេត្តាចូលរួមបរិច្ចាគវិភាគទានឱ្យបានផុលផុសតាមការស្ម័គ្រចិត្តក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» សំដៅរួមគ្នាក្នុងធ្លុងមហាសាមគ្គីជាតិខ្មែរដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
សម្រាប់ការចង់ចូលរួមតាមរយៈសាច់ប្រាក់ គឺចូលរួមតាម លោក សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្ត្រី ទូរស័ព្ទលេខ 012 961 971 ទីតាំង៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី ” អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២ “។
សម្រាប់ការបរិច្ចាគតាមរយៈគណនីធនាគារមានចំនួន៦ ឈ្មោះគណនី៖ “Foundation for Border Infrastructure Development” ភ្ជាប់ជាមួយនូវលេខគណនីធនាគារដូចជា ធនាគារកាណាឌីយ៉ា របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ, ធនាគារអេហ្វធីប៊ី, ធនាគារអេប៊ីអេ, ធនាគារអេស៊ីលីដា, ធនាគារខេប៊ីប្រាសាក់ និងធនាគារវីង របស់អ្នកឧកញ៉ា គិត ម៉េង៕