ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសជ្រើសរើស CEO KW Cambodia ថ្មី តែមិនមានប្រាក់ខែ

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិកបុរី វិមានសំណាង និងជាប្រធាន KW Cambodia ​​បាន​ប្រកាស​ជ្រើសរើស​​តំណែង​នាយកប្រតិបត្តិ (CEO) ថ្មី របស់ KW Cambodia ដោយ​ពុំ​មាន​ប្រាក់ខែ ប៉ុន្តែ​អាច​ទទួលបាន​ភាគហ៊ុន រួមទាំង​ផលប្រយោជន៍​ជា​ច្រើន​ទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា អគ្គនាយកបុរី វិមានសំណាង បាន​​លើកឡើង​ថា KW Cambodia មានប្រភពមកពីទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក ដែលរូបលោកបាននាំចូលមកកម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងផ្នែក​អចលនទ្រព្យ និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា។

ចំពោះ​លក្ខខ័ណ្ឌ​ជ្រើសរើស​ CEO ថ្មី​របស់​ KW Cambodia ខាងលើនេះ លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង បាន​បញ្ជាក់​ថា​ មាន​ចំណុច​ពិសេសចំនួន​​៣​គឺ៖ ១.មានសញ្ជាតិខ្មែរ និងធ្លាប់ទទួលការអប់រំ​នៅប្រទេស​ជឿនលឿន, ២.អាយុពី ៣០ ដល់ ៤០ឆ្នាំ ចេះភាសាខ្មែរ អង់គ្លេស ចិន និង ៣.មានចំណេះដឹងផ្នែកផ្សារហ៊ុន សេដ្ឋកិច្ច និងពាណិជ្ជកម្ម​អាស៊ាន។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា CEO របស់ KW Cambodia គឺជាតំណែងធំទីពីរ បន្ទាប់ពីរូបលោក​ ដោយត្រូវធ្វើការងារច្រើនទាំងក្នុងស្រុក និងក្រៅស្រុក ហើយអត់មានប្រាក់ខែទេ តែអាចទទួលបានភាគហ៊ុន​ផ្លូវការ របស់ KW Cambodia និងផលប្រយោជន៍ជាច្រើនទៀត។

សូមជម្រាបជូនថា KW Cambodia គឺជា​អាជីវកម្មមួយ ដែល​លោក​ឧកញ៉ាបណ្ឌិត គីម ហ៊ាង បាន​ចុះ​ហត្ថលេខា​ផ្តាច់មុខ រយៈពេល​២០​ឆ្នាំ បូក​២០​ឆ្នាំ ស្មើ​នឹង​៤០​ឆ្នាំ ហើយ​លោក​បាន​នាំ​យក​ក្រុមហ៊ុន​របស់​អាមេរិក​មួយ​នេះមក​កម្ពុជា តាំងពី​ឆ្នាំ​២០១៨។ KW Cambodia មកពី​ពាក្យ​ពេញ Keller Williams Cambodia ដែល​ក្រុមហ៊ុន​អាមេរិក​ Keller Williams Realty International បង្កើត​ឡើង​ដំបូង​ កាល​ឆ្នាំ១៩៨៣ ជា​ក្រុមហ៊ុន​អចលនទ្រព្យ ប៉ុន្តែ​ក្រោយ​មក ក្រុមហ៊ុន​នេះ​បាន​កែ​ប្រែ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ ទៅ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្នែក​អចលនទ្រព្យ​វិញ។ Keller Williams Realty មាននៅលើ ៥៥ប្រទេស ៥ទ្វីប ៣២៥​ស្នាក់ការ​ និងមាន​ក្រុមការងារជិត ២សែននាក់ នៅ​ទូទាំង​ពិភពលោក៕