វដ្តជីវិតរបស់មនុស្សម្នាក់ៗតែងតែប្រែប្រួលទៅតាមវ័យដូចៗគ្នា តួរយ៉ាងកាលនៅវ័យកុមារចូលចិត្តលេងកម្សាន្ត វ័យជំទង់ចូលចិត្តសប្បាយ ដល់ពេលពេញវ័យគិតរឿងគូស្រករ លុះដល់វ័យកណ្តាល ចាប់ផ្តើមមានរឿងជាច្រើនទៀតដែលត្រូវគិតគូរ។ មិនខុសគ្នានោះដែរ ជាទស្សនៈផ្ទាល់ខ្លួន អ្នកឧកញ៉ា ទៀត វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប យល់ឃើញថា មនុស្សយើង បើឈានចូលដល់វ័យ៤០ឆ្នាំឡើង ការរស់នៅគឺមិនមែនដើម្បីសប្បាយទេ ពោលគឺនៅសល់តែអម្រែកលើស្មារប៉ុណ្ណោះ។
អ្នកជំនួញវ័យកណ្តាលដ៏លេចធ្លោរនៅខេត្តសមុទ្រភាគនិរតី រូបនេះ បានលើកឡើងជាការយល់ឃើញភ្ជាប់ជាមួយនឹងបទពិសោធន៍ជីវិតរបស់ខ្លួន យ៉ាងដូច្នេះថា៖ “មនុស្សយើង កាលបើចូលដល់វ័យ ៤០ឆ្នាំឡើងទៅហើយ ការរស់នៅគឺមិនមែនដើម្បីសប្បាយទេ នៅសេសសល់តែអម្រែកលើស្មារ ដោយខ្លាចខ្លួនឯងគ្មានលុយ ខ្លាចឪពុកម្តាយចាស់ឈឺទ្រុឌទ្រោម ខ្លាចដៃគូជីវិតមិនយល់ចិត្ត ខ្លាចកូនៗមិនស្តាប់បង្គាប់ និងខ្លាចខ្លួនឯងសុខភាពមិនល្អ”។
គួរបញ្ជាក់ថា ក្នុងសង្គមខ្មែរបច្ចុប្បន្ននេះ វ័យចន្លោះពី៣០ឆ្នាំ ដល់៦០ឆ្នាំ (ចូលនិវត្តន៍) គឺជាវ័យដែលខិតខំប្រឹងប្រែងធ្វើការ រកស៊ី និងរកចំណូល សម្រាប់ការផ្គត់ផ្គង់គ្រួសារ ដូចជាថ្លៃចំណាយប្រចាំថ្ងៃ ការផ្គត់ផ្គង់ថ្លៃសាលារៀនរបស់កូនៗ ជាដើម។ ជាមួយនឹងការខិតខំទាំងនេះ បញ្ហាសុខភាពផ្ទាល់ខ្លួនក៏កាន់តែទ្រុឌទ្រោមបន្តិចម្តងៗផងដែរ ដែលទាមទារឱ្យយកចិត្តទុកដាក់ជាប្រចាំ។ រីឯក្រឡេកទៅមើលម្តាយឪពុកវិញ ក៏កាន់តែមានវ័យជរាទៅៗ និងសុខភាពកាន់តែខ្សត់ខ្សោយ។ ដូច្នេះហើយទើបវ័យកណ្តាលរបស់មនុស្សភាគច្រើន គឺអាចចាត់ទុកថា ជាវ័យមួយដែលមានអម្រែកធ្ងន់បំផុត៕