ឧកញ៉ា ខេមរៈ សិរីមន្ដ និងលោកជំទាវ ប្រកាសបរិច្ចាគថវិកា ២០០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន។
ឧកញ៉ា ខេមរៈ សិរីមន្ដ បានលើកឡើងនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា «ដើម្បីការពារទឹកដីរបស់យើង ខ្ញុំបាទឧកញ៉ាខេមរៈសិរីមន្ត និងភរិយាក្នុងនាមប្រជាពលរដ្ឋមួយរូបសូមគាំទ្រនិងបរិច្ចាគធនធានផ្ទាល់ខ្លួនចំនួន 200 លានរៀល ដើម្បីបង្ហាញពីស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាលដែលមាន សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ព្រំដែនដែលនឹងរឹតតែបន្ថែមភាពកក់ក្តៅជូនប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត ដោយក្តីគោរព។»
បន្ថែមទៀតនោះ ឧកញ៉ា ខេមរៈ សិរីមន្ដ ក៏បានអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់ ចូលរួមឱ្យបានគ្រប់ៗគ្នា ទោះជា១០០០រៀល ២០០០រៀលក្ដី គឺសុទ្ធតែបានបង្ហាញពីទឹកចិត្តបេះដូង និងឆន្ទៈ នៃការស្រឡាញ់និងការពារទឹកដីរបស់យើង ពិតប្រាកដទាំងអស់គ្នា។
យោងតាមការជូនដំណឹងរបស់ខុទ្ធកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ធ្វើឡើងក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុរួមគ្នាកសាងនិងការពារមាតុភូមិរបស់យើង។
ជាមួយនឹងការជូនដំណឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស មេត្តាចូលរួមបរិច្ចាគវិភាគទានឱ្យបានផុលផុសតាមការស្ម័គ្រចិត្តក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» សំដៅរួមគ្នាក្នុងធ្លុងមហាសាមគ្គីជាតិខ្មែរដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
សម្រាប់ការចង់ចូលរួមតាមរយៈសាច់ប្រាក់ គឺចូលរួមតាម លោក សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្ត្រី ទូរស័ព្ទលេខ 012 961 971 ទីតាំង៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី ” អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២ “៕