សេដ្ឋកិច្ចកម្ពុជា ត្រូវរំពឹងថានឹងស្ទុះងើបឡើងវិញរហូតដល់ ៦.០ % នៅឆ្នាំ២០២៤ ដោយសារតែការរក្សាបាននូវសុខសន្តិភាព, ឯកភាពជាតិ, ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បូករួមទាំងឆន្ទៈមោះមុត និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកន្លងមក។នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
ក្រសួងព័ត៌មាន បានលើកយកផែនការ «យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤-២០២៨» ដោយបានបញ្ជាក់ថា ការរក្សាបាននូវសុខសន្តិភាព, ឯកភាពជាតិ, ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បូករួមទាំងឆន្ទៈមោះមុត និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកន្លងមកគឺជាមូលដ្ឋានគ្រឹះចម្បង ដែលអនុញ្ញាតឱ្យកម្ពុជាសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងការជំរុញអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បើទោះបីជាត្រូវទទួលរងនូវផលរំខានពាក់ព័ន្ធ នឹងវិបត្តិសុខភាពសាធារណៈធ្ងន់ធ្ងរ, វិបត្តិភូមិសាស្ត្រនយោបាយ ព្រមទាំងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយក៏ដោយ។
ជាក់ស្ដែងសេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញពីកំណើនអវិជ្ជមាន នៅឆ្នាំ២០២០ មកកំណើនក្នុងអត្រា ៣.១% នៅឆ្នាំ២០២១, ៥.១% នៅឆ្នាំ២០២២ និង ៥.០% នៅឆ្នាំ២០២៣ ហើយត្រូវបានរំពឹងថា នឹងកើនដល់ ៦.០% នៅឆ្នាំ២០២៤ ផងដែរ។
រាជរដ្ឋាភិបាល ក៏បានបញ្ជាក់ក្នុង«យុទ្ធសាស្ត្រ ស្ដីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤-២០២៨» ដែរថា ក្នុងរយៈពេលពីរទសវត្សរ៍មុនវិបត្តិនៃជំងឺកូវីដ-១៩, កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ស្ថិតក្នុង រង្វង់ជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ ដែលនាំឱ្យកម្ពុជាសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ២០១៥ ក្នុងនោះកម្រិតជីវភាពរបស់ប្រជាជនមានភាពប្រសើរឡើង ដោយផលិតផលក្នុងស្រុកសរុប( ផ.ស.ស) ក្នុងមនុស្សម្នាក់ បានកើនឡើងជាង ៥ដង ពោលគឺ ពី ៤៦៤ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០០៤ ដល់ប្រមាណ ២.៥២០ដុល្លារអាម៉េរិក។
សូមរម្លឹកដែរថា ក្នុងឆ្នាំ២០២៣ ខណៈអត្រាភាពក្រីក្រ ត្រូវបានបន្តធ្លាក់ចុះជាលំដាប់ពីជាង ៥៤% ក្នុងឆ្នាំ២០០៤ មកត្រឹម ១៣,៥% ក្នុង ឆ្នាំ២០១៤ ហើយត្រូវបានប៉ាន់ស្មានថា ស្ថិតក្រោម ១០% មុនវិបត្តិជំងឺកូវីដ-១៩។
យ៉ាងណាមិញ ការសម្រេចបានខាងលើ ត្រូវបានរដ្ឋាភិបាលអះអាងថា ពិតជាមិនអាចកាត់ផ្តាច់ចេញពីការរួមចំណែកនៃការគ្រប់គ្រងបំណុលសាធារណៈ ប្រកបដោយប្រសិទ្ធភាពឡើយ ដែលបានគាំទ្រតាមរយៈការកៀរគរ និងសម្រិតសម្រាំងឥណទាន ដែលមានកម្រិតសម្បទានខ្ពស់ និងហានិភ័យទាប សម្រាប់យកមកបំពេញតម្រូវការហិរញ្ញប្បទានគម្រោងវិនិយោគសាធារណៈ ស្របតាមគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ដែលជាចលករដ៏សំខាន់និងមិនអាចខ្វះបាន ក្នុងការរួមចំណែកសម្រេចបាន នូវកំណើនសេដ្ឋកិច្ចខ្ពស់៕ អត្ថបទ៖ រង្សី