ក្រុមហ៊ុន ជីប ម៉ុង គ្រុប ចូលរួមបរិច្ចាគថវិកាចំនួន ១លានដុល្លារ ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន។
ការចូលរួមបរិច្ចាគថវិការបស់ក្រុមហ៊ុន ជីប ម៉ុង គឺតបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
យោងតាមការជូនដំណឹងរបស់ខុទ្ធកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ធ្វើឡើងក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុរួមគ្នាកសាងនិងការពារមាតុភូមិរបស់យើង។
ជាមួយនឹងការជូនដំណឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស មេត្តាចូលរួមបរិច្ចាគវិភាគទានឱ្យបានផុលផុសតាមការស្ម័គ្រចិត្តក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» សំដៅរួមគ្នាក្នុងធ្លុងមហាសាមគ្គីជាតិខ្មែរដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
សម្រាប់ការចង់ចូលរួមតាមរយៈសាច់ប្រាក់ គឺចូលរួមតាម លោក សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្ត្រី ទូរស័ព្ទលេខ 012 961 971។ ទីតាំង៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី ” អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២ “។
លោកអ្នកក៏អាចបរិច្ចាគតាមរយៈគណនីធនាគារដូចខាងក្រោម ឈ្មោះគណនី៖ «Foundation for Border Infrastructure Development»។ លេខគណនីធនាគារទាំង៦ រួមមាន៖
១៖ ធនាគារកាណាឌីយ៉ា Canadia Bank: 1341325012 (KHR) , 1341325011 (USD)
២៖ ធនាគារអេហ្វធីប៊ី FTB Bank: 100020166686 (KHR) , 300020166537 (USD)
៣៖ ធនាគារអេប៊ីអេ ABA Bank: 7179 8 7179 (KHR) , 7179 9 7179 (USD)
៤៖ ធនាគារអេស៊ីលីដា ACLEDA Bank: 0001-05-559998-99 (KHR) , 0001-05-559998-88 (USD)
៥៖ ធនាគារខេប៊ីប្រាសាក់ KB PRASAC Bank: 033 190 910 002 (KHR) , 033 190 910 001 (USD)
៦៖ ធនាគាររីង WING Bank: 220820231 (KHR) , 220820232 (USD)៕