ត្រឹម ១ខែ យុទ្ធនាការបោះឆ្នោតរបស់លោកស្រី Kamala Harris ​កៀរគរ​ទឹកប្រាក់បានជាង ៥០០លានដុល្លារ

អន្តរជាតិ

យុទ្ធនាការស្វែងរកសន្លឹកឆ្នោតរបស់អនុប្រធានាធិបតី លោកស្រី Kamala Harris ឥឡូវនេះរៃអង្គាសទឹកប្រាក់បានដល់ទៅ ៥៤០លានដុល្លារ សម្រាប់ការប្រកួតប្រជែងជាមួយនឹងលោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នាខែ​វិច្ឆិកា​ខាងមុខ។ នេះបើតាមការកចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចាប់តាំងពីប្រធានាធិបតី លោក ចូ បៃដិន បានប្រកាសនៅថ្ងៃទី២១ ខែកក្កដាកន្លងទៅថា លោកនឹងដកខ្លួនចេញពីបេក្ខភាពជាប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ ហើយបានងាកមកគាំទ្រ​ លោកស្រី Harris វិញមក អត្រាទឹកប្រាក់នៃការចូលរួមមូលនិធិ សម្រាប់យុទ្ធនាការស្វែងរកសន្លឹកឆ្នោតបានកើនឡើងយ៉ាងខ្លាំង។

បើតាមកលោកស្រី Jen O’Malley Dillon ប្រធានយុទ្ធនាការរបស់បក្សប្រជាធិបតេយ្យ បាននិយាយថា ៖”មុនពេលថ្លែងសុន្ទរកថារបស់លោកស្រី Harris ក្នុងការទទួលយកការតែងតាំងជាបេក្ខភាពប្រធានាធិបតីផ្លូវការរបស់បក្ស កាលពីយប់ថ្ងៃព្រហស្បតិ៍ យុទ្ធនាការរបស់យើងទទួលបានទឹកប្រាក់សរុបជាង ៥០០លានដុល្លារ។ នេះជាចំនួនខ្ពស់បំផុតជាប្រវត្តិសាស្រ្ត ចាប់តាំងពីថ្ងៃដាក់ឲ្យដំណើរការមូលនិធិនេះមក”។

ដោយឡែក បើ​ក្រឡេក​ទៅមើលខាងលោក ត្រាំ វិញ ក៏បានបង្ហាញពីការកើនឡើងនៃចំនួនទឹកប្រាក់បានពីការរៃអង្គាសរបស់ខ្លួនផងដែរ ប៉ុន្តែហាក់បីដូចជាតិចជាងឆ្ងាយ បើធៀបទៅនឹងយុទ្ធនាការរបស់លោកស្រី Harris ។ យុទ្ធនាការរបស់លោក ត្រាំ ​និងសាខាពាក់ព័ន្ធរបស់ខ្លួន បានប្រកាសកាលពីដើមខែនេះថាពួកគេបានរៃអង្គាសប្រាក់ចំនួន ១៣៨លានដុល្លារ ក្នុងខែកក្កដា ខណ:គិតត្រឹមដើមខែសីហា យុទ្ធនាការរបស់លោក ត្រាំ មានសាច់ប្រាក់សរុបនៅក្នុងដៃចំនួន ៣២៧លានដុល្លារ។

ទន្ទឹមនឹងនេះ យុទ្ធនាការរបស់លោកស្រី Harris បាននិយាយថា ខ្លួនក៏បានឃើញពីការកើនឡើងនៃអ្នកគាំទ្រស្ម័គ្រជាច្រើន ក្នុងអំឡុងសប្តាហ៍បិទបញ្ចប់សន្និបាតរបស់បក្សផងដែរ ដោយមានការចុះឈ្មោះចូលរួមជិត ២សែននាក់ ដើម្បីជួយនៅក្នុងយុទ្ធនាការនេះ៕