លោក Pavel Durov ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់កម្មវិធីផ្ញើសារដ៏ល្បីល្បាញបំផុតមួយលើពិភពលោក Telegram ត្រូវបានចាប់ខ្លួន នៅអាកាសយានដ្ឋាន Le Bourget ទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃសៅរ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។
តាមការអះអាងពីក្រុមប៉ូលិសបានឲ្យដឹងថា ការចាប់ខ្លួនមហាសេដ្ឋីមានសញ្ជាតិបារាំង និងអារ៉ាប់រួម ដែលមានដើមកំណើតរុស្ស៊ីរូបនេះ គឺជាផ្នែកមួយនៃការស៊ើបអង្កេតបឋមទៅលើក្រុមហ៊ុន Telegram ទាក់ទិននឹងករណីរីកសុះសាយនៃឧក្រិដ្ឋកម្ម បណ្ដាលមកពីកង្វះខាតការគ្រប់គ្រង និងកិច្ចសហប្រតិបត្តិការ ជាមួយក្រុមប៉ូលិស។
យ៉ាងណាមិញ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗមួយចំនួនដែលអ្នកគួរដឹងអំពីលោក Durov និងកម្មវិធី Telegram ៖
Telegram ជាវេទិកាប្រើប្រាស់ដោយឥតគិតថ្លៃ និងត្រូវបានចាត់ទុកថាជាបណ្តាញទំនាក់ទំនងសង្គមដ៏ធំបំផុត រួមជាមួយប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត ដូចជា WhatsApp របស់ Facebook ឬ Instagram, TikTok និង Wechat ជាដើម។ កម្មវិធី Telegram បច្ចុប្បន្នមានអ្នកប្រើប្រាស់សកម្មសរុបជិត ១ពាន់លាននាក់។
Telegram មានឥទ្ធិពលបំផុតនៅក្នុងប្រទេសរុស្ស៊ី អ៊ុយក្រែន និងបណ្តាប្រទេសមួយចំនួនដែលធ្លាប់ជាអតីតសហភាពសូវៀត។ ប្រព័ន្ធទំនាក់ទំនងសង្គមនេះ បានក្លាយជាប្រភពដ៏សំខាន់នៃការចែកចាយព័ត៌មានអំពីសង្រ្គាមរុស្ស៊ី នៅអ៊ុយក្រែន ដែលវាត្រូវបានប្រើច្រើនបំផុតដោយទាំងក្រុមមន្ត្រីទីក្រុងម៉ូស្គូ និងទីក្រុងកៀវ។ អ្នកវិភាគខ្លះហៅកម្មវិធីនេះថា “សមរភូមិនិម្មិត” សម្រាប់សង្គ្រាម។
លោក Durov ជនជាតិរុស្សី វ័យ ៣៩ឆ្នាំ គឺជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Telegram ដោយលោកបានបង្កើតកម្មវិធីនេះដំបូង នៅក្នុងឆ្នាំ២០១៣។ លោកបានសម្រចចិត្តចាកចេញពីប្រទេសរុស្ស៊ី ក្នុងឆ្នាំ២០១៤ បន្ទាប់ពីបានបដិសេធមិនធ្វើតាមការទាមទាររបស់រដ្ឋាភិបាល ក្នុងការបិទប្រព័ន្ធផ្សព្វផ្សាយសង្គម VKontakte ដែលលោកបានលក់វាចេញរួចទៅហើយ។
ក្រោយមកទៀត លោក Durov បានផ្លាស់ប្តូរទីតាំងក្រុមហ៊ុន Telegram របស់លោក ទៅកាន់ទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម ក្នុងឆ្នាំ២០១៧ និងទទួលបានសញ្ជាតិនៅទីនោះ។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងបារាំងបាននិយាយថា លោក Durov ក៏ទទួលសញ្ជាតិបារាំងផងដែរ នៅក្នុងឆ្នាំ២០២១។
ជម្រាបជូនថា បើតាមទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិសរុបរបស់លោក Durov ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៥,៥ពាន់លានដុល្លារ ហើយក្រៅតែពីលុយ ឬ Bitcoin លោកបញ្ជាក់ថាគ្មានទ្រព្យសម្បត្តិធំៗផ្សេងទៀត ដូចជាអចលនទ្រព្យ យន្តហោះ ឬនាវាអ្វីនោះឡើយ ពោលគឺលោកចង់រស់នៅដោយមានសេរីភាព៕