ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៤ ខែសីហាកន្លងទៅនេះ បានចាប់ផ្តើមនាំចេញផ្លែទុរេនស្រស់របស់ខ្លួន ទៅកាន់ប្រទេសចិនជាលើកដំបូង ពោលគឺក្រោយពេលត្រឹមតែ ២ខែប៉ុណ្ណោះ បន្ទាប់ពីប្រទេសទាំងពីរបានឈានដល់ការចុះហត្ថលេខាលើពិធីសារមួយស្តីពីតម្រូវការអនាម័យ សម្រាប់ការនាំចេញផ្លែឈើ ទៅកាន់ប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងអាហារម៉ាឡេស៊ី លោក Arthur Joseph Kurup បាននិយាយថា ផ្លែទុរេនស្រស់ចំនួន ៤០ តោន រួមទាំងពូជដូចជា Musang King, Black Thorn, D24 និង IOI ពីក្រុមហ៊ុននាំចេញក្នុងស្រុកចំនួនប្រាំបី នឹងត្រូវដឹកជញ្ជូនទៅកាន់ប្រទេសចិនជាបីដំណាក់កាល។
ទន្ទឹងនឹងនេះ លោក Joseph Kurup បាននិយាយក្នុងបទសម្ភាសមួយថា បន្ទាប់ពីការនាំចេញនៅដំណាក់កាលទី១ ដែលមានចំនួន ១៥ តោន នៅថ្ងៃទី២៤ ខែសីហា ដំណាក់កាលទីពីរនឹងបន្តធ្វើឡើង នៅថ្ងៃទី២៥ ខែសីហា ជាមួយនឹងចំនួន ១០ តោន ហើយនៅចំនួនដែលនៅសេសសល់នឹងបញ្ជូនទៅកាន់ដំណាក់កាលទីបី។
ជាមួយគ្នានោះដែរ លោក Joseph Kurup បានកត់សម្គាល់ថា ការនាំចេញផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិន បានក្លាយជាអ្វីដែលម៉ាឡេស៊ីអាចធ្វើបាន បន្ទាប់ពីការចុះហត្ថលេខាលើលក្ខខណ្ឌដ៏សំខាន់មួយ សម្រាប់តម្រូវការអនាម័យក្នុងការនាំចេញផ្លែទុរេនស្រស់ ពីម៉ាឡេស៊ីទៅកាន់ប្រទេសចិនដោយជោគជ័យ៕