មជ្ឈមណ្ឌលបទពិសោធអតិថិជនសែលកាត របស់អ្នកឧកញ៉ា គិត ម៉េង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ជុំវិញ​ឧកញ៉ា

មជ្ឈមណ្ឌលបទពិសោធអតិថិជនសែលកាត រ៉ូយ៉ាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group) កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ បានសម្ពោធដាក់​ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មជ្ឈមណ្ឌលបទពិសោធអតិថិជនសែលកាត រ៉ូយ៉ាល់រេលវេ នឹងក្លាយជាកន្លែងពហុមុខងារ សម្រាប់បម្រើសេវាអតិថិជន លើផ្នែកទូរគមនាគមន៍ និងសេវាកម្មធនាគារ ដែលអាចទាញសេវាទាំងអស់មកក្នុងទីតាំងតែមួយ បង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងសាធារណជន មានដូចជាហាងកាហ្វេ សេវាកម្មធនាគារ កន្លែងលក់សំបុត្ររថភ្លើង និងសេវាកម្មអតិថិជនយ៉ាងពេញលេញមានដូចជា ទិញស៊ីមកាត eSim និងលេខពិសេស បើកស៊ីមកាតឡើងវិញ ប្តូរកម្មសិទ្ធិស៊ីមកាត ភ្ជាប់សេវាកម្ម ឬ កញ្ចប់ផ្សេងៗ សេវាកម្មអ៊ីនធឺណិតគេហដ្ឋាន និងទូរស័ព្ទទំនើបៗជាច្រើន។


ថ្លែងក្នុងអង្គពិធី លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ បានសម្តែងការចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) ក្នុងពិធីសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលបទពិសោធអតិថិជនសែលកាត រ៉ូយ៉ាល់រេលវេ។ ឆ្លៀតឱកាសនោះ លោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមហ៊ុននានាឱ្យចូលរួមប្រើប្រាស់សេវាដឹកជញ្ជូនទំនិញ និងធ្វើដំណើរតាមផ្លូវដែកកម្ពុជាឱ្យបានជាអតិបរមា ដោយហេតុផលចំណេញថវិកាជាមួយនឹងតម្លៃទាបក្នុងការដឹកជញ្ជូន និងធ្វើដំណើរ។

លើសពីនេះទៅទៀត លោករដ្ឋមន្រ្តី ក៏បានស្នើដល់ក្រុមហ៊ុន Royal Railway ធ្វើទំនើបកម្មដោយបំពាក់បរិក្ខារ ឧបករណ៍ សុវត្ថិភាពនានា ដើម្បីបង្កើនប្រសិទ្ធភាពដឹកជញ្ជូន ឆ្លើយតបនឹងរបត់ដ៏សំខាន់ក្នុងការប្រតិបត្តិ វិស័យដឹកជញ្ជូនតាមផ្លូវដែក ក៏ដូចជាដើម្បីលើកស្ទួយវិស័យផ្លូវដែកនៅកម្ពុជា៕ អត្ថបទ៖​រង្សី