ប្រទេសកាណាដា នឹងដើរតាមគន្លងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដោយត្រៀមប្រកាសទារពន្ធរថយន្តអគ្គិសនីនាំចូលពីចិន រហូតដល់ ១០០% ខណៈការនាំចូលដែកថែប និងអាលុយមីញ៉ូម ក៏ត្រៀមដំឡើងពន្ធដល់ ២៥% ថែមទៀត។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា រដ្ឋាភិបាលកាណាដា នឹងដំឡើងពន្ធរថយន្តអគ្គិសនី ដែលនាំចូលពីប្រទេសចិនរហូតដល់ ១០០% ដោយមិនខ្វល់ពីផលិតផលរបស់ក្រុមហ៊ុនណាឡើយ ពោលបើទោះជារថយន្តរបស់ Tesla ក៏ដោយ ឲ្យតែវាផលិតនៅចិន ហើយនាំចេញទៅប្រទេសកាណាដា ក៏ត្រូវបង់ពន្ធ ១០០% ផងដែរ។
គួររំលឹកបន្តិចថា កាលពីឆ្នាំមុន ក្រុមហ៊ុនកាណាដាជាច្រើនបាននាំចូលរថយន្តអគ្គិសនីពីប្រទេសចិនជាច្រើន ពោលគឺមានកំណើនដល់ ៤៦០% ឬប្រហែល ៤៤ ៣៥៦គ្រឿងឯណោះ។
ជុំវិញបញ្ហាមួយនេះ ស្ថានទូតចិនប្រចាំប្រទេសកាណាដា បានចាត់ទុកទង្វើនេះថា ជាការរំលោភបំពានលើច្បាប់ពាណិជ្ជកម្មពិភពលោក និងអះអាងថា សកម្មភាពរបស់រដ្ឋាភិបាលកាណាដា នឹងធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំង២ ក៏ដូចជាសហគ្រាសកាណាដាជាច្រើន រងការប៉ះទង្គិចជាមិនខាន៕