ក្រុមហ៊ុនខ្នាតយក្ស ៥ បរិច្ចាគច្រើនជាងគេ ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

ជុំវិញ​ឧកញ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ បាន​ប្រកាស​បង្កើតនូវ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណង​កៀរគរនូវថវិកាបន្ថែម សម្រាប់ការ​កសាងហេដ្ឋារចនាសម្ព័ន្ធនានា តាមបណ្តោយព្រំដែន ព្រមទាំង​ដើម្បី​ផ្តល់ឱកាស​ឱ្យប្រជាពលរដ្ឋខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ក្នុង​និងក្រៅប្រទេស បានរួមចំណែក​ដោយផ្ទាល់​ជាមួយ​រាជរដ្ឋាភិបាល ក្នុងបុព្វហេតុរួមគ្នា​កសាង និង​ការពារមាតុភូមិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពី​ការ​ប្រកាស​បង្កើត​មូលនិធិខាងលើនេះឡើង មានសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន​បានបរិច្ចាគថវិកា​ជា​ហូរហែរ​ រួមមានទាំង​ ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ន ព្រមទាំង​ លោក​អ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាៗ វិស័យឯកជន​ជា​ច្រើន​ផងដែរ។ ជាមួយគ្នានេះ គិតនៅត្រឹម​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ គេឃើញមានក្រុមហ៊ុនយក្សធំៗចំនួន ៥ ដែលមានស្ថាបនិក​សុទ្ធ​សឹងតែជាជនជាតិខ្មែរ បានចូលរួមបរិច្ចាគថវិកាច្រើនជាងគេ រួមមាន៖

១. ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលមាន លោកអ្នកឧកញ៉ា ភាព ហៀក លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ជាសហស្ថាបនិក បានបរិច្ចាគចំនួន ១លានដុល្លារអាមេរិក

២. ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលមាន អ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល និងលោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ជាអនុប្រធានក្រុមប្រឹក្សាភិបាល បានបរិច្ចាគចំនួន ១លានដុល្លារអាមេរិក

៣. ក្រុមហ៊ុន ទ្រីភាព គ្រុប ដែលមាន លោកអ្នកឧកញ៉ា ទ្រី ភាព ជាអគ្គនាយក​ក្រុមហ៊ុន និងអ្នកឧកញ៉ា គៀន ស្រីនាង បានចូលរួមបរិច្ចាគចំនួន ១លាន២សែនដុល្លារអាមេរិក

៤. ក្រុមហ៊ុន អិលវ៉ាយភី គ្រុប ដែលមាន លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានក្រុមប្រឹក្សាភិបាល និងលោកជំទាវអ្នកឧកញ៉ា គីម ហ៊ាង បានចូលរួមបរិច្ចាគចំនួន ១លានដុល្លារអាមេរិក

៥. ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលមាន លោកអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាល បានចូលរួមបរិច្ចាគចំនួន ១លានដុល្លារអាមេរិក

ទោះយ៉ាងណា គេរំពឹងថា​នឹងមាន​ក្រុមហ៊ុនធំៗ​ជាបន្តបន្ទាប់​ទៀត នឹងចូលរួម​បរិច្ចាគថវិកាក្នុង “មូលនិធិកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធតាមព្រំដែន” ដើម្បីចូលរួមក្នុងការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

សម្រាប់លោកអ្នកចង់ចូលរួមតាមរយៈសាច់ប្រាក់ គឺអាចចូលរួមតាម លោក សេង ទៀង នាយករងខុទ្ទកាល័យ សម្តេច​ធិបតីនាយករដ្ឋមន្ត្រី ទូរស័ព្ទលេខ 012 961 971តាមរយៈទីតាំងនៅទីស្តីការគណៈរដ្ឋមន្ត្រី “អគារជាប់​ផ្លូវកម្ពុជា​​ក្រោម បន្ទប់លេខ ២០៦ ជាន់ទី២” ឬអាចបរិច្ចាគតាមរយៈគណនីធនាគារឈ្មោះ៖ «Foundation for Border Infrastructure Development»៕