អ្នកឧកញ៉ា សួរ វីរៈ ប្រគល់សម្ភារៈសិក្សាសរុបទឹកប្រាក់ ជាង១៤០០០ដុល្លារ ដល់សាលាចំនួន២នៅកោះស្ដេច

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ​បាន​ប្រគល់សម្ភារៈសិក្សាសរុបទឹកប្រាក់ ១៤៦០០ដុល្លារ ដល់សាលាចំនួនពីរនៅកោះស្ដេច ខេត្ដកោះកុង។ នេះបើ​តាមការឱ្យដឹងពីអ្នកឧកញ៉ា នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រគល់ជូននូវសម្ភារៈសិក្សាស្របតាមសម័យឌីជីថលរបស់អ្នកឧកញ៉ា សួរ វីរៈ ធ្វើឡើងស្របតាមការស្នើសុំ​របស់​លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ និងបឋមសិក្សាកោះស្ដេច។

ដើម្បីប្រទេសកម្ពុជា និងទំពាំងស្នងឫស្សីរបស់កម្ពុជា អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា «ទូរទស្សន៍៧៥អ៊ីញ​សរុបចំនួន 08 គ្រឿង និងកំព្យូទ័រចំនួន 20គ្រឿង សរុបជាទឹកប្រាក់ចំនួន 14,600$ បានប្រគល់ជូន វិទ្យាល័យ និងបឋមសិក្សាកោះស្តេច ដើម្បីសម្រួលដល់សិក្សានុសិស្សក្នុងការសិក្សាតាមសម័យឌីជីថល និងស្របតាម​គោលការណ៍ក្រសួងអប់រំ»។

ជាមួយនឹងការប្រគល់ជូន អ្នកឧកញ៉ា អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនដ៏ធំ និងដំបូងគេមួយនេះ ក៏បានជូនពរដល់​សិក្សានុសិស្សទាំងអស់​ទទួលបានជោគជ័យក្នុងការសិក្សាគ្រប់ៗគ្នា។

សូមជម្រាបថា ក្នុងបេសកកម្មជួយដល់ការងារសង្គម ដើម្បីសង្គម និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងចូលរួម​ក្នុងចលនាវប្បធម៌ចែករំលែក ដើម្បីកម្ពុជា មហាគ្រួសារវីរៈប៊ុនថាំ ដែលមានអ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយក តែងតែចូលរួមជួយ និងធ្វើកម្មវិធីសប្បុរសធម៌នានាជាច្រើន ដូចជា ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ការជួយឧបត្ថម្ភដល់មន្ទីពេទ្យគន្ធបុប្ផា និងការជួយដល់សាលារៀននានាផងដែរ៕