លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានលើកឡើងថា ការសាងសង់គម្រោងព្រែកជីហ្វូណនតេជោ ស្ថិតក្នុងបុព្វហេតុតែមួយគត់ គឺដើម្បីផលប្រយោជន៍ជាតិទាំងស្រុង។លោកថ្លែងដូច្នេះ នៅក្នុងឱកាសចុះបំពេញបេសកកម្មពិនិត្យតម្រាយផ្លូវទឹក “ព្រែកជីហ្វូណនតេជោ កាលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានស្នើសុំការយោគយល់ និងអធ្យាស្រ័យ តាមរយៈបណ្ដាញសារព័ត៌មាន ទៅកាន់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសងខាងតម្រាយផ្លូវទឹកនេះ ដោយហេតុថា ការសាងសង់គម្រោងនេះស្ថិតក្នុងបុព្វហេតុតែមួយគត់ គឺដើម្បីផលប្រយោជន៍ជាតិទាំងស្រុង។
លោក ក៏បានបញ្ជាក់បន្ថែមថា មុននឹងឈានទៅដល់ការដោះស្រាយផលប៉ះពាល់សមស្របមួយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ បាននិងកំពុងគិតគូរសិក្សាយ៉ាងលម្អិតច្បាស់លាស់ ដើម្បីដោះស្រាយផលប៉ះពាល់ទាំងនេះ សំដៅធានាក្នុងការផ្តល់សំណងយ៉ាងសមស្របមួយជូនបងប្អូនប្រជាពលរដ្ឋ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តលើរាជរដ្ឋាភិបាល និងសូមកុំមានការព្រួយបារម្ភទៅតាមពាក្យចចាមអារាម ដែលតែងតែលេចលឺកន្លងមក។
បើតាមគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអះអាងថា គម្រោងព្រែកជីកហ្វូណនតេជោមានប្រវែងសរុប ១៨០គីឡូម៉ែត្រ គឺជាគម្រោងដែលនឹងប្រើប្រាស់ព្រែកធម្មជាតិ និងជាប្រវត្តិសាស្រ្តដែលមានស្រាប់របស់កម្ពុជាតាំងតែពីសម័យហ្វូណន។ ក្នុងនោះដែរ កំណាត់ផ្លូវទឹកប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រជាការពង្រីកបន្ថែមលើផ្លូវទឹកដែលមានស្រាប់ ចំណែក ៣៨គីឡូម៉ែត្រជាការតម្រង់ផ្លូវទឹកដែលមានភាពបត់បែនច្រើន និងមានត្រឹមតែ ៧គីឡូម៉ែត្រចុងក្រោយប៉ុណ្ណោះដែលតម្រូវឱ្យមានការជីកព្រែកថ្មីដើម្បីតភ្ជាប់ទៅសមុទ្រ។
គម្រោងនេះជាការទាញសមុទ្ទឱ្យភ្ជាប់ជាមួយទន្លេ ដោយអាចអនុញ្ញាតឱ្យនាវាស្តង់ដា អន្តរជាតិចំណុះ ១០០០ តោន និងស្តង់ដាចិនចំណុះ ៣០០០ តោន ចរាចរឆ្លងកាត់បានដោយងាយ។ គម្រោងនេះប្រើរយៈពេលនៅក្នុងការសាងសង់ ៤៨ ខែដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨ ខាងមុខ។
គម្រោងនេះដែរ ក៏នឹងចូលរួមកាត់បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងកាត់បន្ថយគ្រោះទឹកជំនន់ និងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើនផងដែរ។គម្រោងផ្លូវទឹកថ្មីនេះដែរ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក៕ អត្ថបទ៖ រង្សី