ថៃ អនុម័តគម្រោងវិនិយោគតម្លៃជិត ៧០០លានដុល្លារ របស់ក្រុមហ៊ុន Western Digital ក្នុងការផលិត Hard Disk

អន្តរជាតិ

ក្រុមប្រឹក្សាវិនិយោគថៃ (BOI) បាននិយាយកាលពីថ្ងៃចន្ទ ទី២៦ ខែសីហាកន្លងទៅថា ប្រទេសរបស់ខ្លួនបានអនុម័តគម្រោងវិនិយោគតម្លៃ ២៣,៥ពាន់លានបាត (៦៩៣លានដុល្លារ) របស់ក្រុមហ៊ុន Western Digital ដើម្បីពង្រីកសង្វាក់ផលិតកម្ម Hard Disk ក្នុងប្រទេសថៃ ចំពេលតម្រូវការបច្ចេកវិទ្យា Cloud និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ កំពុងមានការកើនឡើង។ នេះបើតាការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

BOI បានបង្ហាញឲ្យដឹងទៀតថា ការបោះទុនវិនិយោគចុងក្រោយរបស់ក្រុមហ៊ុន Western Digital នេះ នឹងកាន់តែជំរុញសេដ្ឋកិច្ចរបស់ថៃ ដោយបន្ថែមការនាំចេញដែលមានតម្លៃដល់ទៅ ២០០ពាន់លានបាត ក្នុងមួយឆ្នាំ និងបង្កើតការងារបន្ថែមចំនួន ១ម៉ឺនកន្លែង ។

គួរឲ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុន Western Digital នៅក្នុងប្រទេសថៃបច្ចុប្បន្នមានបុគ្គលិកសរុបចំនួន ២៨ ០០០ នាក់​ ដោយរោងចក្រនេះរួមចំណែកដល់ទៅ ៨០% នៃការផលិត Hard Disk សរុបរបស់ពិភពលោក។

ជម្រាបជូនថា ប្រទេសថៃបានអនុម័តការវិនិយោគក្នុងចំនួនទឹកប្រាក់ជាង ៨២ពាន់លានបាតរួចមកហើយ នៅក្នុងឧស្សាហកម្មផលិត Hard Disk ក្នុង​ទសវត្សរ៍​នេះ ខណ:កាលពីឆ្នាំមុន ក្រុមហ៊ុន Seagate ដែលជាគូប្រជែងរបស់ Western Digital ក៏បានធ្វើការពង្រីកអាជីវកម្មផលិត Hard Disk របស់ខ្លួន ជាមួយនឹងការវិនិយោគបន្ថែមចំនួន ១៦ពាន់លានបាត នៅក្នុងប្រទេសថៃ ផងដែរ៕