រាជរដ្ឋាភិបាលពិនិត្យឃើញថា ស្ថានការណ៍ នយោបាយសកលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតែបន្តមានភាពផុយស្រួយ និងប្រឈមនឹងភាពតានតឹងខ្លាំងឡើង ដែលអាចជះឥទ្ធិពលដល់និន្នាការសេដ្ឋកិច្ចទាំងក្នុងកម្រិតសកល, តំបន់, និងប្រទេស ឱ្យកាន់តែមានភាព ស្មុគស្មាញ និងពិបាកព្យាករ ខណៈដែលបញ្ហាបំណុល បាននិងកំពុងក្លាយជាកង្វល់របស់ប្រទេសនានាលើសកលលោក។
ឆ្លើយតបទៅនឹងសភាពការណ៍ខាងលើ និងក្នុងបរិការណ៍នៃការវិវត្តន៍ឈានឡើងជាលំដាប់នៃសង្គម-សេដ្ឋកិច្ច កម្ពុជា ព្រមទាំងដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, រាជរដ្ឋាភិបាល សម្រេចដាក់ឱ្យ អនុវត្តនូវ “យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤ – ២០២៨» ដោយនឹងត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ប្រកបដោយភាពប្រយ័ត្នប្រយែងខ្ពស់ និងអាចមានភាពបត់បែនតាមសភាពការណ៍ពិភពលោក, តំបន់, និងបរិការណ៍របស់កម្ពុជា។
រាជរដ្ឋាភិបាល បានអនុម័តនិងដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈចំនួន ៣លើករួចមកហើយ ក្នុងនោះ៖ លើកទី១ សម្រាប់ឆ្នាំ២០១១-២០១៨, លើកទី២ សម្រាប់ឆ្នាំ២០១៥-២០១៨ ដែលជាការធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្ត្រ លើកទី១, និងលើកទី៣ សម្រាប់ឆ្នាំ២០១៩ – ២០២៣ ស្របតាមអាណត្តិរបស់រាជរដ្ឋាភិបាល។
ប្រសិទ្ធភាពនៃការគ្រប់គ្រងបំណុលសាធារណៈរបស់កម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តធំៗ ដែលជាចន្ទល់នៃសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាអាទិ៍៖ ផ្លូវថ្នល់, ស្ពាន, ផ្លូវដែក, កំពង់ផែ, អាកាសយានដ្ឋាន, រោងចក្រផលិតថាមពលអគ្គិសនី, បណ្តាញបញ្ជូន និងចែកចាយ ថាមពលអគ្គិសនី, ស្ថានីយ៍ផលិតនិងបណ្តាញផ្គត់ផ្គង់ទឹកស្អាត, ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់, ប្រព័ន្ធធារាសាស្ត្រ, មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ, ការលើកកម្ពស់គុណភាពអប់រំ និងការផ្តល់សេវាសុខាភិបាល ជាដើម។
គោលការណ៍គន្លឹះទាំង៥នៃ“យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤ – ២០២៨» ដែលរួមមាន៖
១) ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន;២)ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះ;៣)ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចនិងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ចឬផលិតភាពផលិតកម្ម;៤) ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធភាពខ្ពស់បំផុតនិង៥) ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេស ធានាបាននូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន, និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
គួរកត់សម្គាល់ថា៖យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤ – ២០២៨ មានគោលបំណងធានានូវប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, តម្លាភាព, គណនេយ្យភាព, និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ រួមទាំងមូលបត្ររដ្ឋ សំដៅរួមចំណែកក្នុងការបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពប្រកួតប្រជែង ដែលជា មូលដ្ឋានគ្រឹះក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ឆ្ពោះទៅសម្រេចបង្គោលចរ ឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ដើម្បីសម្រេចបាននូវគោលបំណងខាងលើ, យុទ្ធសាស្ត្រនេះ មានគោលដៅកំណត់នូវវិធានការជាយុទ្ធសាស្ត្រក្នុងការកៀរគរនិងសម្រិតសម្រាំងធនធានហិរញ្ញវត្ថុពីគ្រប់ប្រភព ដែលមានថ្លៃដើមនិងហានិភ័យទាប ដើម្បី បំពេញតម្រូវការទុនវិនិយោគសាធារណៈសរុប ប្រកបដោយប្រសិទ្ធភាព និងបន្តរក្សាបាននូវចីរភាព បំណុលសាធារណៈរយៈពេលមធ្យម និងវែង;និងគាំទ្រការអភិវឌ្ឍមូលបត្ររដ្ឋ។
យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤ – ២០២៨ មានវិសាលភាពគ្របដណ្តប់លើរាល់ប្រតិបត្តិការពាក់ព័ន្ធនឹងការគ្រប់គ្រងបំណុលសាធារណៈ រួមមាន៖ ការខ្ចីប្រាក់ពីគេ, ការឱ្យប្រាក់គេខ្ចី, ការធានារបស់រដ្ឋ, និងការគ្រប់គ្រងហានិភ័យបំណុល រួមទាំងកាតព្វកិច្ចបំណុលជាយថាហេតនិង ការតាមដានលើស្ថានភាព និងនិន្នាការនៃបំណុលរបស់វិស័យឯកជន សំដៅរួមចំណែកគ្រប់គ្រងស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងរយៈពេលមធ្យម និងវែង៕