ក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន (Canada-ASEAN មកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ដើម្បីពិនិត្យលទ្ធភាព និងស្វែងរកឱកាសវិនិយោគក្នុងវិស័យឧស្សាហកម្មចំណីអាហារ នៅកម្ពុជា។
នេះបើយោងតាមជំនួបពិភក្សាការងាររវាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកប្រធានក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន (Canada-ASEAN Business Council – CABC) និងសហការី កាលព្រឹកថ្ងៃ ទី២៨ ខែសីហា ឆ្នាំ២០២៤។
ក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាលើបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ដោយបានផ្តោតជាពិសេសទៅលើលទ្ធភាព និងឱកាសនៃការវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម ឧស្សាហកម្មចំណីអាហារ និងខ្សែច្រវាក់ផលិតកម្មផ្គត់ផ្គង់នានា ដែលមានភាពពាក់ព័ន្ធ។ លើសពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាពីភាពរីកចម្រើនក្នុងវិស័យកសិឧស្សាហកម្ម និងឧស្សាហកម្មចំណីអាហារ មិនត្រឹមតែនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជា ដែលជាប្រទេសកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែការវិនិយោគក្នុងវិស័យទាំងពីរខាងលើ នឹងចូលរួមធានាបាននូវសន្តិសុខស្បៀង ក្នុងសង្គមជាតិផងដែរ។
សូមជម្រាបជូនដែរថា បើគិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែងជូនប្រជាពលរដ្ឋកម្ពុជា។
CDC បានបន្តថា បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារអាម៉េរិក។ ចំពោះទុនវិនិយោគតាមវិស័យក្នុងឆមាសទី១នេះដែរ រួមមាន៖ ឧស្សាហកម្មនាំមុខគេប្រមាណ៥៦,៥៩% ហេដ្ឋារចនាសម្ព័ន្ធ ២៣,១១% កសិកម្ម និងកសិឧស្សាហកម្ម ២,២១% ទេសចរណ៍ ១៨,៧%។
ដោយប្រភពទុនវិនិយោគកម្ពុជាស្ថិតនៅលេខរៀងទី១ មានចំនួន៥០,១៥% ប្រទេសចិនស្ថិតនៅលេខរៀងទី២ ក្នុងទុនសរុប ៤២,៦៤% សិង្ហបុរី ២,៩១% វៀតណាម១,០៥% ឥណ្ឌា ០,៥៦% កូរ៉េ ០,៤៩% និងប្រទេសផ្សេងៗទៀត៕ អត្ថបទ៖ រង្សី