លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសម្របសម្រួលគម្រោង បានដឹកនាំកិច្ចប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍ចុងក្រោយ ស្តីពីផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA) ត្រៀមសម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នាពេលខាងមុខ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចពិភាក្សានេះគឺផ្តោតលើរបាយការណ៍បន្ទាប់ពីបញ្ចប់ការសិក្សាលម្អិត ចំពោះផលប៉ះពាល់ បរិស្ថាន និងសង្គម (ESIA) នៅក្នុងរាជធានី ដើម្បីធ្វើយ៉ាងណាឱ្យទទួលបាននូវធាតុចូល និងស្វែងរកដំណោះស្រាយរួមមួយ ព្រមទាំងសម្រេចបានការឯកភាពគ្នាចុងក្រោយ តាមអ្វីដូចបានពិភាក្សាក្នុងកិច្ចប្រជុំ សម្រាប់ភាពច្បាស់លាស់នៅពេលគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េចាប់ផ្តើមសាងសង់ ហើយត្រូវទទួលបានលទ្ធផលល្អប្រសើរ។
សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលភ្ជាប់ពីផ្សាររាត្រី-ជ្រោយចង្វារ និងពីជ្រោយចង្វារ-អរិយក្សត្យ តាមផែនការគ្រោងបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០២៥ មានទឹកប្រាក់ឥណទានចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក វិសាលភាពរបស់គម្រោង គឺសាងសង់ស្ពានចំនួន ២ នៅទីតាំង «ផ្សាររាត្រី – ជ្រោយចង្វារ និង ជ្រោយចង្វារ – អរិយក្សត្រ»។
គម្រោងស្ពាននេះជាស្ពានប្រភេទខ្សែកាបយោងខ្ពស់ សាងសង់ជា៤គន្លង ប្រភេទ A/C, ទទឹងស្ពានមានប្រវែងសរុប ២៧,៥ ម៉ែត្រ និងទទឹងផ្លូវប្រវែង ២២,៥ ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ ម៉ែត្រ, ល្បឿនអតិបរមា ៨០ គ.ម/ម៉ោង។
លើសពីនេះ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ត្រូវសាងសង់ស្ពានចំនួន២រួមមាន៖ ស្ពានទី ១ ឆ្លងកាត់ទន្លេសាប (ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី (ផ្សារចាស់) ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) មានប្រវែង ១,១៩ គ.ម និងស្ពានទី២ ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ ៣៨០ ឃុំអរិយក្សត្រ (ស្រុកល្វាឯម/ខេត្តកណ្តាល) មានប្រវែង ១,១៨ គ.ម និងផ្លូវតភ្ជាប់ទៅផ្លូវប្រសព្វនឹងផ្លូវលេខ ៣៨០ មានប្រវែង ១,១៧ គ.ម ។ គម្រោងនេះ មានរយៈពេលអនុវត្តចំនួន ៥ ឆ្នាំ ២ ខែ (៦២ ខែ) និងរយៈពេលសាងសង់ចំនួន ៣ ឆ្នាំ ៩ ខែ(៤៧ខែ)។
លោក ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា គម្រោងសាងសង់ស្ពាននេះនឹងក្លាយជាចំណុចទាក់ទាញមួយនៅកណ្តាលរាជធានី និងជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រទេសទាងពីរផងដែរ៕