ស្ថានភាពវិស័យពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម បច្ចុប្បន្នមានភាពល្អប្រសើរ និងប្រទាក់ក្រឡាស៊ីជម្រៅ។ តួយ៉ាងយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតត្រឹម៧ខែ ឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មសរុបទ្វេភាគីមាន ចំនួនជាង ៤,៦ ពាន់លានដុល្លារអាម៉េរិក មានកំណើនប្រមាណ ២៣,៥ ភាគរយ ធៀបនឹងទំហំ ពាណិជ្ជកម្មក្នុងរយៈពេលពេលដូចគ្នាក្នុងឆ្នាំ២០២៣។
នេះជាការថ្លែងឱ្យដឹងរបស់លោក សំ ហេងបូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិជាស៊េរីនៅកម្ពុជា ឆ្នាំ២០២៤ កាលពីព្រឹកថ្ងៃទី២៨ខែសីហាឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។លោកបានឱ្យដឹងថា៖ក្នុងរយៈពេល៧ខែ២០២៤ កម្ពុជាបាននាំចេញទៅវៀតណាមមានទំហំ ទឹកប្រាក់ប្រមាណ ២,២ ពាន់លានដុល្លារអាម៉េរិក កើនឡើង ៣៧,៧ ភាគរយ និងកម្ពុជានាំចូលពីវៀតណាមវិញ មានចំនួន ២,៤ ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១២,៨៦ ភាគរយ។
លោករដ្ឋលេខាធិការ បានបញ្ជាក់ថា៖ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិដែលមានក្រុមហ៊ុនជាង ១៥០មកពីជាង ១០ ប្រទេស និងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃផ្តើមពីថ្ងៃទី២៨សីហាដល់៣០សីហានេះ ជាសក្ខីភាព និងការចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា៖ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺមានសារៈសំខាន់ណាស់ ជាពិសេសក្នុងជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-វៀតណាម ដែលជាផ្នែកមួយក្នុងការជួយបង្កើន គុណតម្លៃនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងស្មារតីលើកកម្ពស់មិត្តភាពដ៏រឹងមាំ និងស៊ីជម្រៅជាងមុនជាលំដាប់។ ការណ៍នេះ នឹងនាំមកនូវ កាលានុវត្តភាពរួមគ្នាលើផ្នែកធុរកិច្ច វិនិយោគ និងការស្វែងរកកិច្ចសហការ ដើម្បីផលប្រយោជន៍រួមក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ក៏ដូចជាក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ ដែលប្រទេសយើងទាំងពីរជាសមាជិក។
គួររំលឹកថា៖ការដោះដូរទំនិញរវាងប្រទេសកម្ពុជា-វៀតណាម បានរក្សានូវកំណើនជាបន្តបន្ទាប់ ដោយក្នុងឆ្នាំ ២០២៣ កន្លងមកសម្រេចបានប្រមាណជិត ៦,៦ ពាន់លានដុល្លារ កើនជាង ៧ ភាគរយ ធៀបនឹងឆ្នាំ ២០២២ ខណៈការនាំចេញរបស់កម្ពុជាកើនឡើងរហូតដល់ជាង ៣៧ ភាគរយ។ ក្នុងចំនួននេះការនាំចេញរបស់កម្ពុជា មានចំនួន ២,៩៧ ពាន់លានដុល្លារ កើនឡើង ៣៧,១ ភាគរយ និងទំនិញវៀតណាមនាំមកកម្ពុជា ៣,៦១ ពាន់លានដុល្លារ ធ្លាក់ចុះ ៨,៩ ភាគរយ។